ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្អាកកិច្ចព្រមព្រៀង ស្ដីពីការប្រើប្រាស់ និងការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
នៅក្នុងសេចក្តីជូនដំណឹងរបស់ ប.ស.ស. ចុះថ្ងៃទី ០៦ ធ្នូ បានឱ្យដឹងថា មន្ទីរសម្រាកព្យាបាលឯកជនទាំង ៣ នោះ មានឈ្មោះ និងមានអាសយដ្ឋានដូចខាងក្រោម ៖ ទី១-មន្ទីរសម្រាកព្យាបាល កងកេង មានទីតាំងនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២-មន្ទីរសម្រាកព្យាបាល រីម សុគន្ធា មានទីតាំងស្ថិតនៅ ផ្ទះលេខ ៤១ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និង ទី៣-មន្ទីរសម្រាកព្យាបាលរតនៈ មានទីតាំងស្ថិតនៅអគារលេខ ១៩៧ ភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ ប.ស.ស មិនបានបញ្ជាក់ថា ការផ្អាកកិច្ចព្រមព្រៀងជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣ ជាបណ្ដោះអាសន្ននោះ បណ្តាលមកពីមូលហេតុអ្វីនោះទេ គ្រាន់តែជូនដំណឹងដល់មូលដ្ឋានសុខាភិបាលឯកជនទាំង ៣ ខាងលើ មិនត្រូវបានអនុញ្ញាតផ្តល់សេវាជូនសមាជិក ប.ស.ស ទៀតនោះទេ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីមន្ទីរសម្រាកព្យាបាលទាំង ៣ ខាងលើ នៅតែបន្តផ្តល់សេវាជូនសមាជិក ប.ស.ស ហើយស្នើសុំទូទាត់ជាមួយ ប.ស.ស នោះ ប.ស.ស មិនទូទាត់ជូនឡើយ។

បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១ ៥៧៣ នៅទូទាំង ២៥ រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស និងបានដាក់ពង្រាយមន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេស ដើម្បីរង់ចាំបម្រើសេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងរហ័ស៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ