ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងអនុវត្តនូវគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ RT4D ក្រោមជំនួយបច្ចេកទេសរបស់ប្រទេសអូស្ត្រាលី និងនូវែលសេឡង់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្នរបស់កម្ពុជា និងលើកទឹកចិត្ត ដល់ជនមានពិការភាពដែលជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យមដាក់ពាក្យស្នើសុំការគាំទ្រផងដែរ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ដែលបានចេញផ្សាយកាលពីថ្ងៃទី២៦ ខែមីនា បានឱ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ បញ្ចកោណទី៣ មុំទី៤ ចំណុចទី៤ ស្តីពីការពង្រឹងការការពារកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ ការច្នៃប្រឌិតនិងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងអនុវត្តគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ RT4D ។ គម្រោង ពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ RT4D នេះគឹផ្ដោតលើ កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាដែលមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម ដែលគម្រោងនេះចាប់ផ្តើមពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ តាមរយៈសេចក្តីជូនដំណឹងនេះដដែរបានបញ្ជាក់ទៀតថា អត្ថប្រយោជន៍ដែលស្នើសុំទទួលបាន រួមមាន៖ ការបង្កើតឱ្យមានការទទួលស្គាល់ម៉ាក និងការបង្កើតបណ្តាញ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ សម្រាប់គាំទ្រជនមានពិការភាពដែលជាម្ចាស់អាជីវកម្ម។ ចំពោះ លក្ខខណ្ឌក្នុងការចូលរួម ក្រសួងបញ្ជាក់ថា អ្នកចូលរួមត្រូវតែជាជនមានពិការភាពដែលមានអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម និងបានប្រើប្រាស់ម៉ាកសម្រាប់ទំនិញឬសេវា ប៉ុន្តែមិនទាន់បានចុះបញ្ជីម៉ាក ឬមានតែទំនិញឬសេវា ប៉ុន្តែមិនទាន់មានម៉ាក ថែមទាំងមានការប្ដេជ្ញាចិត្តថា នឹងចូលរួមក្នុងសកម្មភាពពេញលេញ ចាប់ពីការសម្ពោធបើកអនុវត្តសកម្មភាព និងវគ្គបណ្តុះបណ្តាលស្តីពីកម្មសិទ្ធិបញ្ញា(៥ថ្ងៃ) ការបង្កើតម៉ាកពាណិជ្ជកម្ម(៥ថ្ងៃ) ការបណ្តុះបណ្តាល ស្តីពីម៉ាកពាណិជ្ជកម្មនិងការចុះបញ្ជី(៣ថ្ងៃ) និងការចូលរួមប្រកាសបិទសកម្មភាព និងទទួលវិញ្ញាបនបត្រ។ ក្រសួងបញ្ជាក់ថា អ្នកដាក់ពាក្យជាស្ត្រីមានពិការភាពដែលជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ត្រូវបានផ្ដល់អាទិភាព។ សូមជម្រាបថា បើសិនសហគ្រិនកម្ពុជាដែលមានពិការភាព ចាប់អារម្មណ៍ និងចង់ដាក់ពាក្យស្នើសុំក្នុងគម្រោងនេះ គឺអាចបំពេញពាក្យស្នើសុំដែលអាចទាញយកពី QR Code ខាងក្រោម ហើយដាក់ពាក្យ នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម ឬតាមរយៈអ៊ីមែល dipdwes@gmail.com ឬ តាមតេឡេក្រាមលេខ ០៩៦ ៩ ២០០ ៦០០។ កាលបរិច្ឆេទទទួលពាក្យស្នើសុំចាប់ផ្តើមពីថ្ងៃទី២៦ ខែមីនា រហូតដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បេក្ខជនចំនួន ២៥រូប ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់នឹងត្រូវបានជ្រើសរើស.