សេអ៊ូល៖ ឧស្សាហកម្មទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង កំពុងខ្នះខ្នែងរកវិធី សាស្ដ្រឆ្លើ យតបចំពោះការធ្លាក់ចុះនៃវិស័យទេសចរណ៍ ចំពេលវិបត្តិនយោបាយកំពុងបន្ត ក្រោយប្រធានាធិបតី យូន ស៊ុកយ៉ុល ប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូកន្លងទៅ…។

អាជ្ញាធរកូរ៉េខាងត្បូង រំពឹងថានឹងខកខានបំពេញគោលដៅសម្រាប់ការមកដល់របស់ភ្ញៀវទេសចរនៅឆ្នាំនេះ ដោយសណ្ឋាគារ និងភ្នាក់ងារទេសចរណ៍នៅក្នុងរដ្ឋធានីសេអ៊ូលមួយចំនួន បានប្រឈមនឹងការលុបចោលការកក់រួចហើយ ដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព។
យ៉ាងណា កូរ៉េខាងត្បូងនៅតែសង្ឃឹមថា នឹងទាក់ទាញភ្ញៀវទេសចររាប់លាននាក់បន្ថែមទៀតសម្រាប់រយៈពេលនៅសល់នៃខែនេះ ជាពិសេសទេសចរមកពីអាស៊ីអាគ្នេយ៍ ដោយសាររដូវរងារក្នុងខែធ្នូនេះ ជារដូវកាលនៃភ្ញៀវទេសចរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីរំពឹងថា នឹងមិនអាចឈានដល់គោលដៅនៃភ្ញៀវទេសចរបរទេស២០លាននាក់ក្នុងឆ្នាំនេះទេ។

សូមបញ្ជាក់ថា ចិនជាប្រភពភ្ញៀវទេសចរបរទេសធំជាងគេរបស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់មកគឺប្រទេសជប៉ុន។ គួរជម្រាបថា វិស័យទេសចរណ៍គឺជាកត្តារួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង ខណៈប្រទេសនេះកើបលុយបានប្រហែល៥៩,១ពាន់លានដុល្លារ ស្មើនឹងប្រហែល៤ភាគរយនៃផលិតផលក្នុងស្រុកសរុប(GDP)របស់ខ្លួនកាលពីឆ្នាំមុន៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ