ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែង លោក ស៊ាង សឿន ជាប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត រួមទាំងឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងប្រតិភូអមដំណើរ លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោក មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក ព្រមទាំង អាជីវករ និងសហគមន៍ជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ ដល់ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ត្រូវខិតខំប្រឹងប្រែងរួមគ្នាជាធ្លុងមួយជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យានៃមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីទាំងអស់ ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ សាមគ្គីភាព និង ឯកភាពផ្ទៃក្នុង ជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ក្រោមការដឹកនាំរបស់រដ្ឋបាលខេត្ត និងមានកិច្ចសហប្រតិបត្តិការល្អជាមួយវិស័យឯកជន បណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាផ្សព្វផ្សាយទេសចរណ៍ ដើម្បីចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យរដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ចូលរួមអនុវត្តយុទ្ធនាការ «រដូវកាលបៃតង (Green Season)» និងជួយជំរុញការលើកផ្លាករមណីយដ្ឋានទេសចរណ៍នៅតាមផ្លូវជាតិ ព្រំប្រទល់ចូលខេត្ត និងនៅតាមតំបន់រមណីយដ្ឋាននានា ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសពង្រឹងការផ្ដល់សេវាសាធារណៈគាំទ្រដល់វិស័យទេសចរណ៍ និងការវិនិយោគក្នុងឧស្សាហកម្មទេសចរណ៍ ពង្រឹងការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ នូវសក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរី ព្រមទាំងការបង្កើតផលិតផលទេសចរណ៍ និងព្រឹត្តិការណ៍ថ្មីៗប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងដោយរក្សាអត្តសញ្ញាណខេត្ត និងតំបន់។