រាជធានីភ្នំពេញ៖ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញសំណោះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយក្រុមភ្ញៀវទេសចរចិនដំបូងពីចំណោមអ្នកទេសចរចិនជាង ១.០០០នាក់ ដែលអញ្ជើញមកទស្សនានៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស “ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥” ដែលរៀបចំដោយ China Tourism Group ដើម្បីស្តាប់ពីចំណាប់អារម្មណ៍ និងសំណូមពរនានារបស់អ្នកទេសចរចិន បន្ទាប់ពីបានទស្សនា និងឈ្វេងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា ក៏ដូចជាគុណភាពសេវាកម្មដែលផ្តល់ដោយប្រតិបត្តិករទេសចរណ៍កម្ពុជា សម្រាប់កែលម្អ និងពង្រឹងគុណភាពសេវាកម្មឱ្យបានកាន់តែល្អប្រសើរថែមទៀត ដែលជាការត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ទទួលទេសចរជើងទី២ និងបន្តបន្ទាប់ទៀតដែលក្រុមហ៊ុនគ្រោងនឹងរៀបចំមក។ កញ្ចប់ទស្សនកិច្ចទេសចរណ៍មកកាន់កម្ពុជាដែលមានទំហំដ៏ធំ និងដ៏សំខាន់នេះ គឺជាលទ្ធផលជាផ្លែផ្កាកើតចេញពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមេសាកន្លងទៅ ដែលបានបន្ថែមសន្ទុះថ្មីដល់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់ រួមទាំងពីអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជាជាមួយក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ និងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាល CTG កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តមរដ្ឋមន្រ្តី នៅទីស្នាក់ការក្រុមហ៊ុននៅតំបន់រដ្ឋបាលពិសេសហុងកុង។