១-សមាជិកផ្ទាល់ សំដៅលើគ្រឹះស្ថានហិរញ្ញវត្ថុដែលធ្វើប្រតិបត្តិការទូទាត់សងប្រាក់អន្តរធនាគារ និងបំពេញ កាតព្វកិច្ចទូទាត់តាមរយៈប្រព័ន្ធដោយប្រើគណនីទូទាត់របស់ខ្លួនជាប្រាក់រៀល និង/ឬ ប្រាក់ដុល្លារអាមេរិក នៅធនាគារជាតិនៃកម្ពុជា។ សមាជិកផ្ទាល់ត្រូវមាន ៖
◇ គណនីទូទាត់នៅធនាគារជាតិនៃកម្ពុជា
◇ ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ជាស្រេច ស្របតាមស្តង់ដារបច្ចេកទេស និងប្រតិបត្តិការសម្រាប់ភ្ជាប់មក ប្រព័ន្ធផាត់ទាត់ជាតិ
◇ បំពេញរាល់កាតព្វកិច្ចដែលមានចែងនៅក្នុងច្បាប់ និងបទប្បញ្ញត្តិផ្សេងៗពាក់ព័ន្ធនឹងការប្រើប្រាស់សេវាសភាផាត់ទាត់ជាតិ ។
២-សមាជិកមិនផ្ទាល់ សំដៅលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលអាចផាត់ទាត់ និងទូទាត់មូលប្បទានបត្រ និងបញ្ជាទូទាត់សងប្រាក់អេឡិចត្រូនិករបស់ខ្លួន តាមរយៈសមាជិកផ្ទាល់ដែលខ្លួនបានជ្រើសរើស ដោយត្រូវមានការយល់ព្រមជាលាយលក្ខណ៍អក្សរជាមុនពីធនាគារជាតិនៃកម្ពុជា។ សមាជិកមិនផ្ទាល់មិនតម្រូវឱ្យមាមាន៖
◇ គណនីទូទាត់នៅធនាគារជាតិនៃកម្ពុជាឡើយ
◇មិនតម្រូវឱ្យមានហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យាភ្ជាប់ទៅនឹងប្រព័ន្ធផាត់ទាត់ជាតិឡើយ ។
សមាជិកអាចប្តូរប្រភេទសមាជិកភាពរបស់ខ្លួនពីសមាជិកផ្ទាល់ទៅជាសមាជិកមិនផ្ទាល់ ឬពីសមាជិកមិនផ្ទាល់ ទៅជាសមាជិកផ្ទាល់នៅពេលណាក៏បាន ដោយត្រូវស្នើសុំជាលាយលក្ខណ៍ អក្សរមកធនាគារជាតិនៃកម្ពុជា ។ គិតត្រឹមខែមេសា ឆ្នាំ២០១៥ សមាជិកផ្ទាល់ដែលមាននៅក្នុងប្រព័ន្ធមានសរុប ៣៧ ដោយរួមមានធនាគារពាណិជ្ជទាំងអស់ ប៉ុន្តែមិនមានសមាជិកមិនផ្ទាល់ឡើយ។