ចិន ៖ ក្រុមហ៊ុនចិន DJI ថ្មីៗនេះ ប្រកាសប្តឹងក្រសួងការពារជាតិអាមេរិកនៅតុលាការសហព័ន្ធ ឆ្លើយតបការដាក់បញ្ចូលក្រុមហ៊ុនខ្លួនទៅក្នុងបញ្ជីខ្មៅ ឬជាក្រុមហ៊ុនយោធា។នេះបើតាមការចេញផ្សាយរបស់សារត៌មានCNNនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៤។
ក្រុមហ៊ុនបច្ចេកវិទ្យាចិន DJI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួន បានដាក់ពាក្យប្តឹងក្រសួងការពារជាតិអាមេរិក (DoD) ជុំវិញការសម្រេចចិត្តខុស ដែលដាក់ DJI ទៅក្នុងបញ្ជីខ្មៅ ឬជាក្រុមហ៊ុនយោធាចិន។សហរដ្ឋអាមេរិកបានដាក់បញ្ចូលក្រុមហ៊ុនបច្ចេកវិទ្យា DJI របស់ចិន ទៅក្នុងបញ្ជីក្រុមហ៊ុនយោធាដំបូងនៅក្នុងឆ្នាំ២០២២ ហើយបន្តស្ថិតក្នុងបញ្ជីនេះរហូតដល់ខែមករា ឆ្នាំ២០២៤។
ក្រុមហ៊ុន DJI និយាយថា ខ្លួនបានព្យាយាមផ្សះផ្សារជាមួយក្រសួងការពារជាតិអាមេរិក អស់រយៈពេលជាង១៦ខែ ហើយឥឡូវនេះ បានកំណត់ថា ខ្លួនគ្មានជម្រើសផ្សេងក្រៅពីស្វែងរកការសង្គ្រោះនៅក្នុងតុលាការសហព័ន្ធ។យោងតាមចម្លើយការពារខ្លួន ក្រុមហ៊ុន DJI និយាយថា ក្រុមហ៊ុនខ្លួនមិនមានម្ចាស់ ឬគ្រប់គ្រងដោយយោធាចិនឡើយ ពោលគឺក្រុមហ៊ុន DJI ផលិតយន្តហោះដ្រូនពាណិជ្ជកម្ម និងស៊ីវិលតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា បើទោះបីជាយ៉ាងណា ក្រុមហ៊ុន DJI បានប្រឈមមុខនឹងការឃ្លាំមើលពីទីក្រុងវ៉ាស៊ីនតោនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសយន្តហោះដ្រូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាចិននេះ ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់យ៉ាងទូលំទូលាយដោយភាគីទាំងពីរនៅក្នុងសង្គ្រាមអ៊ុយក្រែន៕