រដ្ឋធានីដាម៉ាស៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេសស៊ីរី បានប្រកាសនៅថា រដ្ឋាភិបាលនឹងដំឡើងប្រាក់បៀវត្សរ៍សម្រាប់បុគ្គលិកផ្នែកសាធារណៈជាច្រើនចំនួន៤០០ភាគរយ ចាប់ពីខែក្រោយទៅ បន្ទាប់ពីបានបញ្ចប់ការរៀបចំរចនាសម្ព័ន្ធរដ្ឋបាលឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាព និងគណនេយ្យភាព។

ការដំឡើងប្រាក់ខែនេះ ត្រូវបានប៉ាន់ប្រមាណថានឹងចំណាយអស់១,៦៥ពាន់ពាន់លានផោនស៊ីរី ឬប្រហែល១២៧លានដុល្លារអាម៉េរិក នឹងត្រូវបានផ្តល់ហិរញ្ញប្បទានដោយធនធានរដ្ឋដែលមានស្រាប់ បូករួមទាំងការរួមបញ្ចូលជំនួយក្នុងតំបន់ ការវិនិយោគថ្មី និងការខិតខំប្រឹងប្រែងក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិបង្កក ដែលមាននៅក្រៅប្រទេស។

លោកMohammed Abazeedរដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា៖«នេះគឺជាជំហានដំបូងឆ្ពោះទៅរកដំណោះស្រាយសង្គ្រោះបន្ទាន់ចំពោះសេដ្ឋកិច្ចនៅក្នុងប្រទេស»។
លោកបន្ថែមថា ប្រាក់ឈ្នួលប្រចាំខែសម្រាប់បុគ្គលិកផ្នែកសាធារណៈ នឹងត្រូវបើកក្នុងសប្តាហ៍នេះ។ វិធានការទាំងនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដោយរដ្ឋាភិបាលចាំផ្ទះថ្មីរបស់ប្រទេសស៊ីរី ដើម្បីធ្វើឱ្យមានស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេស បន្ទាប់ពីជម្លោះ និងការដាក់ទណ្ឌកម្មអស់រយៈពេល១៣ឆ្នាំ។

លោក អាបាហ្សេត បាននិយាយថា ប្រាក់ខែរបស់បុគ្គលិកផ្នែកសាធារណៈរបស់ប្រទេសស៊ីរីក្រោមការផ្តួលរំលំរបបប្រធានាធិបតី បាស្ហា អាលអាសាធ គឺប្រហែល២៥ដុល្លារក្នុងមួយខែ ដោយធ្វើឱ្យពួកគេស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រ។  


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ