ភ្ញៀវទេសចរសរុបប្រមាណជាង ៥៥ម៉ឺននាក់ បានចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ខណៈទេសចរបរទេសមានប្រមាណជាង ៣ម៉ឺននាក់

មន្ទីរទេសចរណ៍ខេត្តសៀមរាប ៖ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ មានទេសចរសរុបប្រមាណ ៥៥៣.៧៩៤ នាក់ បានចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប ខណៈទេសចរបរទេសមានប្រមាណ ៣៣.៧៧០ នាក់។
យោងតាមស្ថិតិរបស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានអោយដឹងថា អ្នកទេសចរចូលរួមកម្សាន្តក្នុងពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាប មានដូចខាងក្រោម៖
– ថ្ងៃទី១៖ មានភ្ញៀវទេសចរសរុបប្រមាណ ១៦១.២៧២ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ប្រមាណ ១៥០.០០០ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ១១.២៧២ នាក់។
– ថ្ងៃទី២៖ មានភ្ញៀវទេសចរសរុបប្រមាណ ២៩៦.២៧៩ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ប្រមាណ ២៨៥.០០០ នាក់ និងភ្ញៀវទេសចរបរទេស ប្រមាណ ១១.២៥៥ នាក់។
-ថ្ងៃទី៣៖ មានភ្ញៀវទេសចរសរុបប្រមាណ ៩៦.២៤៣ នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ ប្រមាណ ៨៥.០០០ នាក់ និងភ្ញៀវទេសចរបរទេសប្រមាណ ១១.២៤៣ នាក់។
សូមបញ្ជាក់ថា កម្ពុជាបានប្រារព្ធបុណ្យទន្លេលើកទីមួយរបស់ខ្លួន កាលពីឆ្នាំ២០១៥កន្លងទៅនៅ ខេត្តក្រចេះ លើកទី២នៅខេត្តកំពង់ចាម លើកទី៣នៅខេត្តស្ទឹងត្រែង លើកទី៤ក្រុងតាខ្មៅខេត្តកណ្តាល លើកទី៥នៅខេត្តកំពង់ឆ្នាំង លើកទី៦នៅខេត្តបាត់ដំបង លើកទី៧នៅខេត្តកំពង់ធំ និងលើកទី៨នេះ គឺ នៅខេត្តសៀមរាបអង្គ។ ពិធីបុណ្យទន្លេលើកទី៨នេះ ក្រោមប្រធានបទ«ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ» ហើយការររៀបចំឱ្យមានបព្រឹត្តការណ៍បុណ្យទន្លេនេះឡើង គឺដើម្បីជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តនានា តាមដងទន្លេ ជាពិសេស លើកទឹកចិត្តដល់ប្រជាជននៅតាមបណ្តាខេត្តទាំងនោះឱ្យចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍទីក្រុងជាប់ដងទន្លេ និងការងារអភិវឌ្ឍទេសចរណ៍សហគមន៍។ បុណ្យទន្លេមានតួនាទីយ៉ាងសំខាន់ ដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។


Leave a Reply

Your email address will not be published. Required fields are marked *