ភ្នំពេញ៖ភ្ញៀវទេសចរណ៍បរទេសចម្រុះជាតិសាសន៍ចំនួន២២៨នាក់ ដែលបានហោះហើរត្រង់មកពីប្រទេសរុស្ស៊ី និងប្រទេសកាហ្សាក់ស្ថាន បានចូលមកដល់ទឹកដីខេត្តព្រះសីហនុនៃប្រទេសកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ។
បើតាមលោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានឱ្យដឹងថា នេះភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន២២៨នាក់ បានមកកាន់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នៃព្រះរាជាណាចក្រកម្ពុជា ជាលើកដំបូងបន្ទាប់ពីជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ទៅវិញ។
លោកឡុង ឌីម៉ង់ បានបន្តថា រដ្ឋបាលខេត្តព្រះសីហនុពិតជាមោទនភាព ក្នុងការទទួលភ្ញៀវទេសចរប៉ែកអឺរ៉ុបមកជាលើកដំបូង មកទស្សនាខេត្តព្រះសីហនុ ដែលជាខេត្តមានសក្តានុពលជាច្រើន ទាំងតំបន់ឆ្នេរ និងប្រជុំដោយតំបន់យ៉ាងស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ ទាំងអន្តរជាតិមកលំហែរកម្សាន្ត ។ លោកបន្ថែមថា សមិទ្ធផលនាថ្ងៃនេះ តាមរយៈការខិតខំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តក៏ដូចជាអាជ្ញាធរពាក់ព័ន្ធក្នុងការទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសនានាមកកាន់ព្រះរាជាណាចក្រកម្ពុជា។
លោកបន្តថា ភ្ញៀវទេសចរមកពីប្រទេសរុស្ស៊ីនិងប្រទេសកាហ្សាក់ស្ថាន នឹងមកជាបន្តបន្ទាប់ រហូតដល់ខែវិច្ឆិកាឆ្នាំ ២០២៤ ដោយមានយន្តហោះដឹកភ្ញៀវទេសចរមកជាង ៤០ យន្តហោះបន្ថែមទៀតផងដែរ មកសម្រាកលំហែក្នុងខេត្តព្រះសីហនុ។ អភិបាលរងខេត្ត បានបន្ថែមទៀតថា ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងខេត្តព្រះសីហនុមានរយៈពេលចាប់ពី ៥ថ្ងៃ ១សប្តាហ៍ឬក៏១០ថ្ងៃហើយក្នុងនោះភ្ញៀវប្រមាណ១០%នឹងបន្តទៅទស្សនាកម្សាន្តនៅខេត្តសៀមរាបបន្ត តាមមធ្យោ បាយធ្វើដំណើររៀងៗខ្លួន។
សូមបញ្ជាក់ថា ភ្ញៀវទេសចរមកពីប៉ែកអឺរ៉ុបដែលមកកាន់ទឹកដីកម្ពុជានាពេលនេះ បានសបញ្ជាក់ឱ្យឃើញពីទំនុកចិត្តលើស្ថានភាពសេដ្ឋកិច្ច សន្តិសុខ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍនៃប្រទេសកម្ពុជា៕


Leave a Reply

Your email address will not be published. Required fields are marked *