ដើម្បីជំរុញកំណើនសេដ្ឋកិច្ច រាជរដ្ឋាភិបាលកម្ពុជាកំពុងមានផែនការអភិវឌ្ឍ គម្រោងដឹកជញ្ជូនផ្លូវដែកចំនួន៨ ដោយគ្រោងនឹងចំណាយថវិកា រហូតដល់ជាង១០ពាន់លានដុល្លារអាមេរិក។
គិតត្រឹមខែមិថុនា ឆ្នាំ ២០២៤ ផ្លូវដែកនៅកម្ពុជាមានចំនួន២ខ្សែ ដែលមានប្រវែងសរុប៦៥២គីឡូម៉ែត្រ ដោយខ្សែទីមួយ ស្ថិតនៅភាគឧត្តរ មានប្រវែងសរុប៣៨៦គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត និងខ្សែទីពីរ ស្ថិតនៅភាគទក្សិណ មានប្រវែងសរុប២៦៦គីឡូម៉ែត្រ តភ្ជាប់រាជធានីភ្នំពេញឆ្ពោះទៅកាន់ក្រុងព្រះសីហនុ។
បច្ចុប្បន្នរដ្ឋាភិបាល មានគម្រោងអភិវឌ្ឍន៍ផ្លូវដែកសរុបចំនួន៨គម្រោង ដោយគ្រោងនឹងចំណាយថវិកាសរុបជាង១០ពាន់លានដុល្លារអាមេរិក ក្នុងនោះមានគម្រោងរយៈពេលខ្លី និងមធ្យមមានចំនួន៤គម្រោង(២០២៣-២០២៧) ស្មើនឹងទឹកប្រាក់ ៣៨០០ លានដុល្លារអាមេរិក និងគម្រោងរយៈពេលវែងចំនួន៤ គម្រោង(២០២៨-២០៣៣) ស្មើនឹងទឹកប្រាក់៦២១០លានដុល្លារអាមេរិក។