ធនាគារជាតិនៃកម្ពុជា៖ អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក.) គឺជាអង្គការចាត់តាំងមួយដែលមានឯករាជ្យភាព និងស្ថិតក្រោមធនាគារជាតិនៃកម្ពុជា តាមរយៈច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ស្របតាមស្តង់ដាអន្តរជាតិ ដែលត្រូវបានបង្កើតឡើងនៅដើមឆ្នាំ២០០៨។ បេសកកម្មចម្បងរបស់ ស.ហ.ក. គឺទប់ស្តាត់កុំឱ្យឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា ដើម្បីលាងសម្អាតមូលនិធិ និងទ្រព្យសម្បត្តិដែលបានពីសកម្មភាពល្មើសច្បាប់របស់ខ្លួន ឬមួយយកមូលនិធិ ឬទ្រព្យសម្បត្តិនោះមកប្រព្រឹត្តិ ឬគាំទ្រសកម្មភាពភេរវកម្មតាមរូបភាពផ្សេងៗ។ ភារកិច្ចចម្បងរបស់ ស.ហ.ក. រួមមាន ការទទួលរបាយការណ៍ប្រតិបត្តិការសង្ស័យ និងរបាយការណ៍ប្រតិបត្តិការសាច់ប្រាក់ ការប្រមូលព័ត៌មានដែលពាក់ព័ន្ធនឹងការសម្អាតប្រាក់និងហិរញ្ញប្បទាន ភេរវកម្ម ការវិភាគរបាយការណ៍ និងការបញ្ជូនរបាយការណ៍វិភាគទៅអាជ្ញាធរមានសមត្ថកិច្ច នៅពេលវិភាគឃើញថាមានបទល្មើសលាងសម្អាតប្រាក់ ឬហិរញ្ញប្បទានភេរវកម្មកើតឡើង។ ក្រៅពីនេះ ស.ហ.ក. អនុវត្តភារកិច្ចមួយចំនួនផ្សេងទៀត ដើម្បីគាំទ្រដល់បេសកកម្មរបស់ខ្លួន។ មន្ត្រី-បុគ្គលិក ស.ហ.ក. ខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្តង់ដាវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់បំផុត។

Leave a Reply

Your email address will not be published. Required fields are marked *