ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងផ្សារបឹងឈូក ក្នុងខេត្តបាត់ដំបង ដែលត្រូវបានអគ្គិភ័យលេបត្របាក់កាលពីដើមខែវិច្ឆិកា ឡើងវិញ និងបានសម្រេចផ្ដល់សិទ្ធិអាស្រ័យផលអស់មួយជីវិតដល់អាជីវករដែលជួលតូបហើយត្រូវអគ្គិភ័យបំផ្លាញទាំងឥវ៉ាន់លក់ដូរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ដូច្នេះ ឆ្លើយតបទៅនឹងការស្នើសុំរបស់អាជីវករដែលបាត់បង់តូប និងឥវ៉ាន់លក់ដូរ នៅក្នុងជាន់ទីពីរនៃផ្សារបឹងឈូក។
គួរឱ្យដឹងថា ផ្សារបឹងឈូក មានទីតាំងក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង សាងសង់ឡើងអំពីថ្មកម្ពស់២ជាន់ ជាផ្សារដែលវិនិយោគឡើងដោយក្រុមហ៊ុនឯកជន។ នៅវេលាម៉ោងជាង១០ យប់ថ្ងៃទី០៣ ខែវិច្ឆិកា អគ្គិភ័យបានចាប់ផ្ដើមឆាបឆេះជាន់ទីពីរនៃផ្សារ និងបន្តឆាបឆេះឈានដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បណ្ដាលឱ្យតូបលក់ដូរនៅជាន់ទីពីរចំនួន១៤៨តូបខូចខាត។
នៅក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងតំបន់បឹងជង្រុកតេជោ ឈ្នះ ឈ្នះ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រោយការឆាបឆេះ អាជ្ញាធរ និងភាគីពាក់ព័ន្ធ បានព្យាយាមសម្របសម្រួលជាមួយម្ចាស់ផ្សារ ដើម្បីអាចឱ្យអាជីវករបានលក់ដូរឡើងវិញ ប៉ុន្តែម្ចាស់ផ្សារអះអាងថា ខ្លួនគ្មានលទ្ធភាពគ្រប់គ្រាន់ ក្នុងការសាងសង់ឡើយ ហេតុដូច្នេះសម្ដេច បានសម្រេចយកផ្សារបឹងឈូកពីភាគីឯកជន មកសាងសង់ឡើងវិញសម្រាប់ឱ្យអាជីវករលក់ដូរទាំង១៤៨តូបដែលរងគ្រោះ អាចលក់ដូរបានដូចដើម។
នៅព្រឹកថ្ងៃសុក្រ នេះ សម្ដេចប្រមុខរាជរដ្ឋាភិបាល សង្កត់ធ្ងន់ដូច្នេះ៖«ខ្ញុំសម្រេច គឺរដ្ឋយក (ផ្សារបឹងឈូក) មកវិញ យកពីវិស័យឯកជន ដោយសារគាត់អត់មានលទ្ធភាពធ្វើទៀតទេ! ហើយខ្ញុំក៏បានផ្ដល់គោលការណ៍នេះ ព្រោះថាឥឡូវបើគាត់គ្មានលទ្ធភាព ធ្វើអត់បាន ប្រជាពលរដ្ឋនៅកណ្ដាលទីអត់បានទេ ចឹងបានឱ្យចរចាជាមួយផ្សារ៕