ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់ប្រទេសអាល្លឺម៉ង់ Volkswagen កាលពីថ្ងៃទី២៧ ខែវិច្ឆិកា បានប្រកាសថានឹងលក់រាល់ប្រតិបត្តការរបស់ខ្លួនទាំងអស់ នៅក្នុងខេត្ត Xinjiang ប្រទេសចិន បន្ទាប់ពីបានរងសម្ពាធអស់រយ:ពេលជាច្រើនឆ្នាំ ដោយសារការប្តឹងផ្តល់ជុំវិញបទរំលោភសិទ្ធិមនុស្ស និងការ​បង្ខិត​បង្ខំ​កម្មករឲ្យធ្វើការ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Volkswagen និង SAIC ដែលជាក្រុមហ៊ុនដៃគូក្នុងស្រុករបស់ពួកគេ នឹងលក់រោងចក្រនៅក្នុងខេត្ត Xinjiang ទាំងអស់ ទៅឲ្យក្រុមហ៊ុន Shanghai Motor Vehicle Inspection Certification (SMVIC) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ Shanghai Lingang Development Group គ្រប់គ្រងដោយរដ្ឋ កាន់កាប់ជំនួសវិញ។

គួរឲ្យដឹងផងដែរថា នៅក្រោមលក្ខខណ្ឌនៃតម្លៃកិច្ចព្រមព្រៀងមិនត្រូវបានបង្ហាញឲ្យដឹងនេះ ក្រុមហ៊ុន SMVIC ក៏នឹងកាន់កាប់រោងចក្រតេស្តសាងល្បងរបស់ Volkswagen ទាំងអស់ រួមទាំងនៅតំបន់ Turpan និង Anting របស់ទីក្រុងសៀងហៃផងដែរ។ ហើយបន្ទាប់ពីការលក់នេះ ក្រុមហ៊ុន Volkswagen នឹង​លែង​មាន​វត្តមាន​នៅខេត្ត Xinjiang ទៀត​ហើយ។

ជម្រាបជូនថា វត្តមានរបស់ក្រុមហ៊ុន Volkswagen នៅខេត្ត Xinjiang បានក្លាយជាបញ្ហាឈឺក្បាលដ៏ធំមួយសម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីក្រុមសិទ្ធិមនុស្ស បានចងក្រងឯកសារប្តឹងផ្តល់ជាច្រើន ជុំវិញការរំលោភបំពាន រួមទាំងករណីបង្ខិតបង្ខំកម្មករដែលជាជនជាតិភាគតិច Uyghur ឲ្យធ្វើការលើសកម្លាំង ផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *