រដ្ឋធានីហ្សាការតា៖ ឥណ្ឌូណេស៊ី និងកាណាដា នៅថ្ងៃចន្ទទី២ ខែធ្នី បានចុះហត្ថលេខាលើកិច្ច ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ (CEPA) ដែលមានគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងសមាជិកនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០(G20) ទាំង២ ។ ការណ៍នេះកើតឡើង៣ ឆ្នាំបន្ទាប់ពីការចរចាបានចាប់ផ្តើម។

កិច្ចព្រមព្រៀងនេះនឹងចូលជាធរមាននៅឆ្នាំ២០២៦ ហើយត្រូវបានចុះហត្ថលេខា នៅទីក្រុងហ្សា ការតាដោយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក ប៊ូឌី សាន់តូសូ (Budi Santoso) បាននិយាយថា ឥណ្ឌូណេស៊ីបានកោតសរសើរចំពោះការគាំទ្ររបស់កាណាដាសម្រាប់ផែនការរបស់ខ្លួនក្នុងការផ្ដល់អាទិភាពដល់វិស័យរ៉ែដ៏សំខាន់ ដែលមានសារសំខាន់សម្រាប់កំណើនប្រកបដោយនិរន្តរភាព។ លោកបានប្រាប់សន្និសីទសារព័ត៌មានរួមថា៖ «រួមគ្នា យើងជំរុញការគ្រប់គ្រងរ៉ែដ៏សំខាន់ប្រកបដោយនិរន្តរភាព គាំទ្រដល់គោលដៅឈប់បំភាយកាបូនឌីអុកស៊ីតរបស់ឥណ្ឌូណេស៊ីនៅឆ្នាំ២០៦០ និងជំរុញការវិនិយោគរបស់កាណាដា ខណៈពេលដែលជំរុញកំណើនបៃតងនៅក្នុងប្រទេសទាំង២»។

ឥណ្ឌូណេស៊ីមានធនធាននៃរ៉ែដ៏សម្បូរបែបនៃសំណប៉ាហាំង ទង់ដែង និងបាស៊ីត ក្នុងចំណោមលោហៈដទៃទៀត ហើយជាប្រភពរ៉ែនីកែលដ៏ធំបំផុតរបស់ពិភពលោក។ បងធំតំបន់អាស៊ាននេះកំពុងស្វែងរកការទាញយកអត្ថប្រយោជន៍បន្ថែមពីរ៉ែ ដោយទាក់ទាញការវិនិយោគទៅក្នុងដំណើរការផលិត និងក្នុងការផលិតអាគុយរថយន្តអគ្គិសនី។ សហរដ្ឋអាម៉េរិកកាលពីខែកក្កដា បានបញ្ជាក់ថា ខ្លួនបានទាក់ទងជាមួយប្រទេសឥណ្ឌូណេស៊ីអំពីការចូលរួមក្នុងភាពជាដៃគូសន្តិសុខរ៉ែពហុជាតិដែលមានគោលបំណងពន្លឿនការអភិវឌ្ឍខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗប្រកបដោយនិរន្តរភាព។ ឥណ្ឌូណេស៊ីក៏បានធ្វើកិច្ចព្រមព្រៀងជាមួយអង់គ្លេសកាលពីខែកញ្ញា ដើម្បីសហការលើរ៉ែសំខាន់ៗ។

ពាណិជ្ជកម្មទ្វេភាគីរវាងឥណ្ឌូណេស៊ី និងកាណាដា មានចំនួន ៣,៤ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មរបស់ប្រទេសឥណ្ឌូណេស៊ី៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ