វៀតណាម៖ រដ្ឋបាលទីក្រុងហាណូយនៃប្រទេសវៀតណាម បានអនុម័តលើផែនការអភិវឌ្ឍន៍ដ៏ធំ ក្នុងការវិនិយោគលើប្រព័ន្ធផ្លូវដែកប្រវែងជាង ៦០០ គីឡូម៉ែត្រ នៅត្រឹមឆ្នាំ ២០៤៥។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។
គណៈកម្មាធិការបក្សកុម្មុយនិស្តនៃក្រុងហាណូយ នឹងផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ការដឹកជញ្ជូនសាធារណៈ និងពន្លឿនប្រតិបត្តិការបណ្តាញផ្លូវដែករបស់ទីក្រុង។គំនិតផ្តួចផ្តើមនេះ មានគោលបំណងកាត់បន្ថយការកកស្ទះចរាចរណ៍ កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ទីក្រុង និងកាត់បន្ថយការបំពុលបរិស្ថាន។
តាមផែនការសាងសង់មេរបស់ទីក្រុងហាណូយដល់ឆ្នាំ ២០៣០ ប្រព័ន្ធផ្លូវដែកក្នុងទីក្រុងនេះនឹងមានចំនួន ១០ ខ្សែ ដោយលាតសន្ធឹងលើប្រវែង ៤១០ គីឡូម៉ែត្រ។ បច្ចុប្បន្ន រដ្ឋបាលទីក្រុងកំពុងកែសម្រួលផែនការនេះ ដោយបន្ថែមផ្លូវដែកចំនួន ៥ ខ្សែទៀត ជាមួយនឹងប្រវែង ២០០ គីឡូម៉ែត្រ។
សូមបញ្ជាក់ថា នៅឆ្នាំ ២០៤៥ ទីក្រុងហាណូយរំពឹងថានឹងមានផ្លូវរថភ្លើងចំនួន ១៥ ខ្សែ ក្នុងប្រវែងសរុប ៦១៧ គីឡូម៉ែត្រ ដោយរំពឹងប្រើថវិកាប្រមាណ ៥៥,៤៤ ប៊ីលានដុល្លារអាមេរិក។ អាជ្ញាធរវៀតណាមរំពឹងថា ប្រព័ន្ធផ្លូវដែកដដែល នឹងរួមចំណែកពី ៣៥-៤០ ភាគរយ នៃតម្រូវការដឹកជញ្ជូនសាធារណៈត្រឹមឆ្នាំ ២០៣០ និងរហូតដល់ ៧០ ភាគរយ នៅក្នុងឆ្នាំបន្តបន្ទាប់៕