សភាតំណាងរាស្រ្តអាមេរិក គ្រោងបោះឆ្នោតនៅសប្តាហ៍ក្រោយ ដើម្បីអនុម័តលើកញ្ចប់ថវិកាការពារជាតិប្រចាំឆ្នាំ ដែលមានចំនួនជាង ៣ពាន់លានដុល្លារ សម្រាប់ផ្តល់ជូនក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ដើម្បីដកចេញនូវឧបករណ៍ដែលផលិតដោយក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei និង ZTE ពីបណ្តាញឥតខ្សែអាមេរិក ក្នុងគោលបំណងដោះស្រាយហានិភ័យសន្តិសុខជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
គួរឲ្យដឹងថាសេចក្តីព្រាងច្បាប់នេះត្រូវបានចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ដោយរួបញ្ចូលទាំងបទប្បញ្ញតិផ្សេងទៀត ដែលដាក់សំដៅចំៗទៅលើប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែងការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

ទន្ទឹមនឹងនេះ គណៈកម្មការទំនាក់ទំនងសហព័ន្ធ ( FCC ) បាននិយាយថាការដកឧបករណ៍ដែលមិនមានសុវត្ថិភាពរបស់ចិន ចេញពីទឹកដីសហរដ្ឋអាមេរិក ត្រូវបានគេប៉ាន់ប្រមាណថានឹងត្រូវចំណាយអស់ទឹកប្រាក់រហូតដល់ទៅ ៤,៩៨ពាន់លានដុល្លារ ប៉ុន្តែសភាពីមុន បានអនុម័តត្រឹមតែ ១,៩ពាន់លានដុល្លារប៉ុណ្ណោះ សម្រាប់ផែនការនេះ។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានចេញច្បាប់យ៉ាងតឹងរ៉ឹងបំផុតទៅលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន និងថែមទាំងជំរុញឲ្យសម្ព័ន្ធមិត្តរបស់ខ្លួន លុបបំបាត់ផលិតផលរបស់ក្រុមហ៊ុន Huawei និងឧបករណ៍របស់ចិនផ្សេងទៀតចេញពីបណ្តាញឥតខ្សែរបស់ពួកគេ ថែមទៀតផង។

ជម្រាបជូនផងដែរថា ប្រធាន FCC លោកស្រី Jessica Rosenworcel កាលពីសប្តាហ៍មុន បានអំពាវនាវជាថ្មីម្តងទៀតដល់សភាសហរដ្ឋអាមេរិកឲ្យផ្តល់មូលនិធិបន្ថែមជាបន្ទាន់ ដោយលើកឡើងថា ផែនការដកចេញ ឬជំនួសឧបករណ៍ក្នុងបណ្តាញចំនួន ១២៦ ខ្វះខាតទឹកប្រាក់ដល់ទៅ ៣,០៨ពាន់លានដុល្លារ ដែលធ្វើឲ្យសន្តិសុខជាតិ និងការតភ្ជាប់ទំនាក់ទំនងនៅតាមជនបទប្រឈមមុខនឹងបញ្ហា៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ