ថៃ៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថា លោកចង់ឱ្យមានកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀត ដើម្បីឱ្យស្របទៅនឹងអតិផរណាទាប។ ការថ្លែងរបស់លោកធ្វើឡើងមុនកិច្ចប្រជុំត្រួតពិនិត្យគោលនយោបាយនៅសប្តាហ៍នេះ របស់ធនាគារកណ្តាលថៃដែលសេដ្ឋវិទូរំពឹងថា នឹងមិនមានការផ្លាស់ប្តូរអត្រាឡើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
លោក Pichai Chunhavajira បាននិយាយថា ខណៈពេលដែលធនាគារកណ្តាលនឹងធ្វើការសម្រេចចិត្ត អំពីអត្រាការប្រាក់ គាត់បានពិភាក្សាអំពីបញ្ហានេះ ជាមួយទេសាភិបាលធនាគារកណ្តាលលោក Sethaput Suthiwartnaruput។ លោក Pichai បានមានប្រសាសន៍ថា៖ «តាមទស្សនៈរបស់យើង ប្រសិនបើវា [អត្រាការប្រាក់] អាចកាត់បន្ថយបាន វាល្អណាស់។ យើងចង់ឱ្យវាសមស្របនឹងអតិផរណា»។
លោកបានបន្ថែមថា៖ «យើងបានពិភាក្សាជាមួយទេសាភិបាលជាច្រើនដងរួចមកហើយ… ទេសាភិបាលបានដឹងកង្វល់របស់យើង និងនិន្នាការពិភពលោក»។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័របានឱ្យដឹងថា អតិផរណារួមជាមធ្យមមានត្រឹមតែ ០,៣២ភាគរយប៉ុណ្ណោះក្នុងអំឡុងពេលពីខែមករាដល់ខែវិច្ឆិកា ពោលគឺទាបជាងកម្រិតគោលដៅរបស់ធនាគារកណ្តាលដែលមានចន្លោះពី ១ ភាគរយទៅ ៣ភាគរយ។
ស្ទើរតែសេដ្ឋវិទូទាំង ៣០នាក់នៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័របានព្យាករថា ធនាគារកណ្តាលថៃនឹងរក្សាអត្រាក្នុងអត្រា ២,២៥ភាគរយនៅក្នុងកិច្ចប្រជុំនៅថ្ងៃពុធសប្តាហ៍នេះ ខណៈសេដ្ឋវិទូ ២នាក់បានព្យាករថានឹងមានការទម្លាក់ ២៤ពិន្ទុមូលដ្ឋាន៕