ព្រែកជីកប៉ាណាម៉ា បានរាយការណ៍ថាប្រាក់ចំណូលសរុបរបស់ខ្លួន បានកើនឡើងដល់ចំនួន ៤,៩៩ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ២០២៤ (គិតចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ខែកញ្ញា ឆ្នាំ២០២៤) ពោលគឺកើនឡើង ១% បើធៀបនឹងឆ្នាំសារពើពន្ធឆ្នាំ២០២៣ បើទោះបីជាត្រូវជួបបញ្ហាគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលធ្វើឲ្យកាត់បន្ថយចំនួននាវាឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ប្រភពដដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ការចំណាយប្រតិបត្តិការរបស់ព្រែកជីកប៉ាណាម៉ា បានថយចុះ ៥% ស្របពេលប្រាក់ចំណេញបានកើនឡើងប្រហែល ៩,៥% ដល់ចំនួន ៣,៤៥ពាន់លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំសារពើពន្ធមុន។
ផ្លូវទឹកដ៏សំខាន់នេះ បានគ្រប់គ្រងទំនិញសរុបចំនួន ៤២៣ លានតោន ជាមួយនាវាដឹកទំនិញឆ្លងកាត់សរុប ២៧,៣ គ្រឿងក្នុងមួយថ្ងៃជាមធ្យម ពោលគឺធ្លាក់ចុះពីប្រហែល ៣៦ គ្រឿង កាលពីឆ្នាំមុន។
ទន្ទឹមនឹងនេះ លោក Victor Vial អនុប្រធានផ្នែកហិរញ្ញវត្ថុរបស់អាជ្ញាធរព្រែកជីកប៉ាណាម៉ា បានប្រាប់អ្នកសារព័ត៌មានថា ផ្នែកតាមតួលេខបឋម ប្រាក់ចំណូលរបស់ព្រែកជីកបានកើនឡើងពី ១៨លានដុល្លារ ដល់ ៤,៩៩ពាន់លានដុល្លារ។
ជម្រាបជូនថា ប្រហែល ៥% នៃចរាចរណ៍ផ្លូវសមុទ្រពិភពលោក គឺត្រូវបានឆ្លងកាត់តាមព្រែកជីកប៉ាណាម៉ាជារៀងរាល់ឆ្នាំ ខណ:សហរដ្ឋអាមេរិក ចិន ជប៉ុន និងកូរ៉េខាងត្បូង គឺជាប្រទេសដែលប្រើប្រាស់ផ្លូវទឹកនេះច្រើនជាងគេ៕