រាជធានីភ្នំពេញ៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រសួងអប់រំ យុវជន និងកីឡា, សហភាពសហព័ន្ធយុវជនកម្ពុជា, សាលារាជធានីភ្នំពេញ, រដ្ឋបាលខេត្តសៀមរាប ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធ បានរៀបចំទិវាយោគៈអន្តរជាតិលើកទី១១ ក្រោមប្រធានបទ “យោគៈសម្រាប់ផែនដីតែមួយ សុខភាពតែមួយ” នៅខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែមិថុនា និងនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅសួនច្បារមុខវត្តបទុមវតី រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នាព្រឹកនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង ឯកឧត្តម Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម អ៊ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ព្រមទាំងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោក លោកស្រី និងភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ សិស្ស និស្សិត សរុបប្រមាណជាង៥០០នាក់។
ការប្រារព្ធទិវាយោគៈលើកទី១១ នេះពុំត្រឹមតែបានចូលរួមក្នុងលើកកម្ពស់គុណប្រយោជន៍សុខភាពដែលកើតចេញពីការហាត់យោគៈ ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈសកល និងក៏បានជួយជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែ ទូលំទូលាយទៅកាន់ទីផ្សារឥណ្ឌា ស្របពេលដែលឆ្នាំ២០២៥ ត្រូវបានបន្តជា «ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌា» ពិសេសគឺការផ្សព្វផ្សាយឱ្យទូលំទូលាយពីផលិតផលទេសចរណ៍សុខុមាលភាពដែលកម្ពុជាបានផ្តល់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រកបដោយគុណភាព និងគួរជាទីពេញចិត្ត។
តាមរយៈកិច្ចសហការរួមគ្នារៀបចំទិវាយោគៈអន្តរជាតិលើកទី១១ ដ៏មានសារៈសំខាន់នេះ រវាងក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋឥណ្ឌា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ឥណ្ឌា ក៏ដូចការសម្រេចលទ្ធផលដ៏ល្អ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា ២០២៥» តាមរយៈការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវវប្បធម៌ អរិយធម៌ ប្រពៃណី ម្ហូបអាហារ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសទាំងពីរដែលនឹងចូលរួមដល់ការពង្រឹងចំណងមិត្តភាព ការលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងកម្ពុជា និងឥណ្ឌា។