សាលាខេត្តសៀមរាប៖ រសៀលដ៏សែនមនោរម្យ ក្រោមម្លប់នៃសុខសន្តិភាពថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍រ៉ឺម៉កកង់បីខេត្តសៀមរាប ដើម្បីសាកសួរសុខទុក្ខ និងដឹងពីស្ថានភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលប្រកបការងារ ឬអាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ក្នុងពិធីជួបជុំប្រកបដោយភាពស្និទ្ធិស្នាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប, លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា, តំណាងគ្រឹះស្ថានអង្គរ, តំណាងអាជ្ញាធរជាតិអប្សរា, សមាគមក្លឹបទេសចរណ៍សៀមរាប និងបងប្អូនប្រតិបត្តិករទេសចរណ៍រ៉ឺម៉កកង់បីខេត្តសៀមរាបទាំងអស់សរុបចំនួន ៣៤២នាក់។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែគិតគូរពីជីវភាពរបស់ប្រជាពលរដ្ឋ ពិសេស គឺប្រជាពលរដ្ឋដែលប្រកបការងារ ឬ អាជីវកម្មនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈការដាក់ចេញគោលនយោបាយ និងវិធានការនានា គឺមានគោលដៅតែមួយគត់ សម្តៅជួយប្រជាពលរដ្ឋ តាមរយៈការពង្រាយផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យដល់មូលដ្ឋាន និងកាន់តែជិតប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ មិនទុកអ្នកណាម្នាក់ចោល ដោយមិនបានយកចិត្តទុកដាក់នោះទេ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដើម្បីរក្សាកំណើនទេសចរឱ្យកាន់តែច្រើនឡើងជាលំដាប់ ប្រតិបត្តិករ ទេសចរណ៍រ៉ឺម៉កកង់បីខេត្តសៀមរាបទាំងអស់ ត្រូវចូលរួមបង្កើនគុណភាពសេវា និងភាពជឿជាក់ដល់ភ្ញៀវនូវទំនុកចិត្ត រក្សាស្នាមញញឹម ភាពរស់រាយរាក់ទាក់ ភាពថ្លៃថ្នូរ សីលធម៌ល្អ សុជីវធម៌ល្អ និងផ្តល់បដិសណ្ឋារកិច្ចទទួលភ្ញៀវឱ្យមានភាពកក់ក្តៅ ពោលគឺ ផ្តល់សេវាគាប់ចិត្ត និងរក្សាឱ្យបាននូវភាពស្មោះត្រង់ ស្មារតីប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ក្នុងការបើកបរផង តួយ៉ាងការជួយផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងសក្តានុពលទេសចរណ៍ក្នុងខេត្តសៀមរាប និងប្រទេសកម្ពុជាដ៏អច្ឆរិយរបស់យើងទៅដល់ទេសចរ ពិសេសទេសចរអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរអញ្ជើញមកកម្សាន្តម្តងហើយ ចង់អញ្ជើញមកកម្សាន្តម្តងទៀត និងស្នើសុំកុំចែករំលែកព័ត៌មានអវិជ្ជមាន ឬព័ត៌មានក្លែងក្លាយ ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះកម្ពុជា។