ព្រះសីហនុ ៖ ឯកឧត្តម ម៉ាង ស៉ីណេត អភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ គឺបានចូលរួមផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ និងកេរ្តិ៍ឈ្មោះប្រទេសជាតិទៅកាន់បរទេស។

ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នៅខេត្តព្រះសីហនុ ដែលចាប់ផ្ដើមពីទីលានតេជោ រត់តាមវិថីឯករាជ្យក្នុងក្រុង រហូតដល់វេទិកា៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤។

នាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានការដឹកនាំរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានយកចិត្តទុកដាក់លើវិស័យកីឡា ដែលជាវិស័យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅកម្ពុជា និងសកលលោក កីឡាទទួលបាននូវការចាប់អារម្មណ៍ គាំទ្រកាន់តែច្រើនពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬនិន្នាការនយោបាយ។

ឯកឧត្តម ក៏បានអបអរសាទរការរត់ភ្លើងគប់នៃការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ នាពេលនេះ ដែលអ្នកពាក់ព័ន្ធទាំងអស់ បានខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ដោយមិនខ្លាចការនឿយហត់រួមគ្នារៀបចំពិធីរត់ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមមូលបទ «កីឡាជាតិដើម្បីព្រែកជីក ហ្វូណនតេជោ» ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ព្រឹត្តិការណ៍កីឡានេះ មិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ ប៉ុន្តែគឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គមសេដ្ឋកិច្ច និងកេរ្តិ៍ឈ្មោះប្រទេសជាតិ ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព មិត្តភាពរវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួមជាក់ស្តែង ជោគជ័យយ៉ាងត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA GAME) លើកទី៣២ និងកីឡាជនពិការ (ASEAN PARA GAME) លើកទី១២ ឆ្នាំ២០២៣ របស់កម្ពុជា បានបង្ហាញថា «កម្ពុជាប្រទេសតូច ប្រទេសក្រ ក៏ប៉ុន្តែបេះដូងធំទូលាយជាងមហាសមុទ្រ» និង ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងកីឡាការិនីនៅក្នុងខេត្ត ឱ្យកាន់តែខ្លាំងពូកែក្នុងការប្រកួតដណ្តើមយកជ័យជម្នះក្នុងការប្រកួតនានា។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាព គ្រឹះស្ថានឯកជន សង្គមស៊ីវិល អង្គការអន្តរជាតិពាក់ព័ន្ធនានាបង្កើនការយកចិត្តទុកដាក់លើកកម្ពស់ និងបំផុសចលនាអប់រំកាយ និងកីឡាក្នុងស្រទាប់ប្រជាជន ដោយវិស័យអប់រំកាយ និងកីឡាមិនគ្រាន់តែបានផ្តល់នូវកាយសម្បទារឹងមាំដល់យុវជន យុវនារីរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើការអប់រំទៅលើផ្លូវចិត្ត សីលធម៌ ធ្វើយ៉ាងណាឱ្យពួកគេមានការតស៊ូប្រកបដោយភាពអង់អាចក្លាហាន អំណត់ព្យាយាម និងចេះយោគយល់គ្នា ព្រមទាំងប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ សុចរិតធម៌៕
ប្រភព៖ MoINFO APP


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ