ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី១៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនឧកញ៉ា គង់ ងួន អគ្គនាយកក្រុមហ៊ុន តូយ៉ូតា ខេមបូឌា (Toyota Cambodia) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ ឧកញ៉ា គង់ ងួន បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីវឌ្ឍនភាពនៃការវិនិយោគរបស់ក្រុមហ៊ុនតូយ៉ូតា នៅកម្ពុជា ដែលបានសម្រេចការពង្រីកអាជីវកម្មបន្ថែមជាបន្តបន្ទាប់ ដូចមានការសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រផ្គុំ និងដំឡើងរថយន្ត តូយ៉ូតា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ។
ស្របតាមការលើកឡើងរបស់លោកអគ្គនាយក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរដល់ក្រុមហ៊ុន តូយ៉ូតា ដែលបានជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់ការបណ្ដាក់ទុនវិនិយោគរៀបចំដំឡើងរោងចក្ររបស់ខ្លួន ពិសេសឯកឧត្តមបានស្នើឱ្យក្រុមហ៊ុនបន្តពិនិត្យលទ្ធភាពជ្រើសរើសការវិនិយោគលើវិស័យជាសក្តានុពលផ្សេងៗទៀតដែលកម្ពុជាអាចផ្ដល់ជូនផងដែរ៕