ភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនលោកស្រី អ៊ីដា ក្រាចា (Ms. Eda Kraja) នាយិកាគ្រប់គ្រងប្រចាំប្រទេសកម្ពុជា និងឡាវ នៃការិយាល័យអង្គការសហប្រជាជាតិសម្រាប់សេវាកម្មគម្រោង (United Nations Office for Project Services – UNOPS) រួមជាមួយនឹងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភាក្សានាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការលើការងាររៀបចំផែនការគម្រោងដែលមានសក្តានុពល, កិច្ចសហការផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសលើនីតិវិធីនៃការគ្រប់គ្រងគម្រោង ការអនុវត្តកិច្ចលទ្ធកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់ទៅនឹងការប្រែប្រួលបរិស្ថាន, និងកិច្ចសម្របសម្រួលលើការស្នើសុំជំនួយហិរញ្ញប្បទានពីដៃគូនិងអង្គការអន្តរជាតិ ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការងារពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា៕