ភ្នំពេញ៖ ក្រុមហ៊ុន CSNC Agriculture Co.,Ltd ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាងវិនិយោគិនខ្មែរ និងសិង្ហបុរី នឹងធ្វើការវិនិយោគលើការកែច្នៃ ស្វាយ ទុរេន និងសម្បុកត្រចៀកកាំសម្រាប់ការនាំចេញ ខណៈដែលរដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យក្រុមហ៊ុន រៀបចំផែនការវិនិយោគឱ្យបានច្បាស់លាស់ ដើម្បីឱ្យការវិនិយោគប្រព្រឹត្តទៅបានជោគជ័យ។
នៅក្នុងជំនួបជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៨ ខែមីនា តំណាងក្រុមហ៊ុន CSNC Agriculture Co.,Ltd បានបង្ហាញពីផែនការវិនិយោគជាច្រើនដូចជាស្វាយចន្ទី ស្វាយ ទុរេន និងសម្បុកត្រចៀកកាំបន្ថែមទៀត ខណៈដែលការចាប់ផ្តើមដំបូងរបស់ក្រុមហ៊ុននេះគឺផ្តោតលើស្វាយចន្ទី។
ឯកឧត្តម រដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះការវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា និងបានបញ្ជាក់បន្ថែមថា ដើម្បីឱ្យការវិនិយោគទទួលបានជោគជ័យ និងមាននិរន្តរភាព ក្រុមហ៊ុនចាំបាច់ត្រូវមានផែនការវិនិយោគច្បាស់លាស់ និងមានការសហការល្អជាមួយរដ្ឋាភិបាល ដើម្បីឱ្យដំណើរវិនិយោគស្របតាមគោលនយោបាយជាតិ និងទទួលបានការគាំទ្រការវិនិយោគ និងការសម្របសម្រួលផ្សេងៗទៀតពីក្រសួង។ លើសពីនេះទៀត ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រុមហ៊ុនត្រូវពិនិត្យលទ្ធភាពក្នុងការសហការជាមួយសហគមន៍កសិកម្មទំនើប ដែលមានសមត្ថភាពក្នុងការផលិតទ្រង់ទ្រាយធំ ប្រកបដោយគុណភាពសម្រាប់នាំចេញ ការកាត់បន្ថយថ្លៃដើមផលិត មានតម្លៃបន្ថែមខ្ពស់ មានខ្សែច្រវាក់ផលិតកម្មល្អ ផ្តល់ផលចំណេញ មានប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ។