ភ្នំពេញ៖ ប្រធានសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា លោក ជួរ មករា បានលើកឡើងថា កម្ពុជា កំពុងចាប់យកឱកាសវិនិយោគជាមួយបណ្តាប្រទេសមួយចំនួន ដើម្បីសម្រេចបានការបញ្ជាទិញបន្លែម្ទេសរបស់កម្ពុជា។ លោក នៅតែបើកជំហទទួលយកសំណើនៃការបញ្ជាទិញផ្លែម្ទេសរបស់កម្ពុជា ពីបណ្តាប្រទេសចំនួន៤ ដែលមាន៖ ប្រទេសកូរ៉េខាងត្បូង អឺរ៉ុប បារាំង  ប្រទេសអាល្លឺម៉ង់ បើទោះបីជា លទ្ធភាពនៃការផ្គត់ផ្គង់ម្ទេសកម្ពុជាពីសហគមន៍កសិករ នៅមិនទាន់អាចឆ្លើយតបតាមតម្រូវការនាំចេញទៅកាន់ក្រៅប្រទេសក៏ដោយ។ លោក ជួរ មករា មានប្រសាសន៍ថា ឥឡូវនេះគឺស្ថិតក្នុងការចរចារជាមួយអតិថិជនមួយចំនួន ដែលមានទីផ្សារនៅប្រទេសកូរ៉េខាងត្បូង អឺរ៉ុប បារាំង និងអាល្លឺម៉ង់។ លោកបន្តថា លោកបានចាប់ផ្តើមការចរចារលើ លក្ខខណ្ឌតម្លៃ និងបរិមាណនៃការនាំចេញ ដើម្បីរៀបចំផែនការធ្វើយ៉ាងណា អាចផ្គត់ផ្គង់បន្លែតាមតម្រូវការ និងឱ្យមានស្ថេរភាពយូរអង្វែងផងដែរ។

សូមបញ្ជាក់ថា ការវិនិយោគលើដំណាំបន្លែរបស់សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា មកដល់ពេលបច្ចុប្បន្ននេះ គឺកាន់តែមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។ គិតត្រឹមឆ្នាំ២០២២ សហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា មានរោងសំណាញ់បន្លែចំនួនប្រមាណ២០០ខ្នង បើធៀបនិងឆ្នាំ២០២៣កន្លងមកនេះ មានការកើនឡើង៣ដង ដែលសព្វថ្ងៃមានចំនួនប្រហែល៥០០ខ្នង។ ដោយឡែកបរិមាណបន្លែក្នុង១ថ្ងៃ កាលពីឆ្នាំ២០២២ មានប្រហែល១តោនប៉ុណ្ណោះ ប៉ុន្តែមកដល់ឥឡូវនេះទិន្នផលដែលទទួលបានគឺ២តោនក្នុង១ថ្ងៃ សម្រាប់បន្លែគ្រប់ប្រភេទ៕


Leave a Reply

Your email address will not be published. Required fields are marked *