អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៖ រយៈពេល ២ ខែដើមឆ្នាំ ២០២៤ នេះទំហំទឹកប្រាក់នៃការនាំចេញនាំចូលទំនិញឆ្លងព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយមានចំនួនសរុបជាង ១,៤ ពាន់លានដុល្លារ កើនជាង ៣០ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ខណៈការនាំចេញរបស់កម្ពុជា កើនឡើងជាង ៦០ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានេះដដែរ បានបង្ហាញថា ចន្លោះខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៤ ការផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែននៃប្រទេសទាំង ២ មានទឹកប្រាក់សរុប ១,៤១ ពាន់លានដុល្លារ កើន ៣០,៤ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២៣ ដែលមាន ១,០៨ ពាន់លានដុល្លារ។ ក្នុងចំណោមទំហំទឹកប្រាក់ខាងលើ គឺការនាំចេញរបស់កម្ពុជា មានចំនួន ៨០១,៦ លានដុល្លារ កើនឡើង ៦៣,២ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៦១២,៦៦ លានដុល្លារ កើន ៣,២ ភាគរយ។ ផ្អែកតាមទំហំពាណិជ្ជកម្មនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឧត្តមភាព ១៨៨,៩៤ លានដុល្លារខណៈរយៈពេលដូចគ្នាឆ្នាំមុន ជញ្ជីងពាណិជ្ជកម្មកម្ពុជាមានឱនភាព ១០២,៣៨ លានដុល្លារ។
ក្នុងឆ្នាំ ២០២៣ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសកម្ពុជា វៀតណាម មានទឹកប្រាក់សរុប ៦,៥៨ ពាន់លានដុល្លារ កើនឡើង ៧,៣ ភាគរយ បើធៀបឆ្នាំ ២០២២ ដែលមានត្រឹម ៦,១៣ពាន់លានដុល្លារ។ តាមរយៈទំហំទឹកប្រាក់ខាងលើនេះ ការនាំចេញរបស់កម្ពុជា មានចំនួន ២,៩៧ ពាន់លានដុល្លារ កើនឡើង ៣៧,១ ភាគរយ និងទំនិញវៀតណាមនាំមកកម្ពុជា ៣,៦១ ពាន់លានដុល្លារធ្លាក់ចុះ ៨,៩ ភាគរយ។ បើតាមទិន្នន័យនេះ គឺជញ្ជីងពាណិជ្ជកម្មកម្ពុជា មានឱនភាពប្រមាណ ៦៣៩,៦២ លានដុល្លារ ខណៈកាលពីឆ្នាំ ២០២២ មានចំនួន ១,៨ ពាន់លានដុល្លារ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕


Leave a Reply

Your email address will not be published. Required fields are marked *