(ភ្នំពេញ)៖ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីជំរុញឱ្យការចុះបញ្ជីគម្រោងវិនិយោគនៅកម្ពុជាកាន់តែលឿន មានសុក្រិតភាព និងមានតម្លាភាព បន្ទាប់ពីប្រព័ន្ធនេះ បានដាក់ឱ្យដំណើរការសាកល្បង និងចុះបញ្ជីគម្រោងវិនិយោគជិត ១០០គម្រោង។
ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការដាក់ ដំណើរនូវប្រព័ន្ធ cdcIPM នាពេលនេះ គឺស្របពេលដែលរាជរដ្ឋាភិបាលបាន និងកំពុងជំរុញវិស័ យឌីជីថលនៅកម្ពុជា ឱ្យមានភាពងាយស្រួលក្នុងការទាក់ទាញវិនិយោគិន និងផ្តល់ព័ត៌មានទៅដល់វិនិយោគិន។
ឯកឧត្តមបញ្ជាក់ថា ប្រព័ន្ធ cdcIPM នឹងផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគ ក្នុងការដាក់ព័ត៌មានស្នើសុំការវិនិយោគ តាមដានដំណើរការនៃការស្នើសុំវិនិយោគគ្រប់ជំហាន។
ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ប្រព័ន្ធ cdcIPM គឺជាប្រព័ន្ធបច្ចេកវិទ្យាឌីជីលថ្មីមួយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានរៀបចំឡើង ដើម្បីផ្តល់លទ្ធភាពឱ្យវិនិយោគិន ដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា សម្រួលកិច្ចវិនិយោគ ឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព ព្រមទាំងចូលរួមកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល និងរដ្ឋាភិបាលឌីជីថលនៅកម្ពុជា។
ឯកឧត្តម បន្ថែមថា ប្រព័ន្ធថ្មីនេះបានចូលរួមពន្លឿនការផ្តល់សេវាចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដោយប្តូរពីការធ្វើលើឯកសាររឹង ជាការធ្វើតាមប្រព័ន្ធឌីជីថលទាំងស្រុង កាត់បន្ថយតម្រូវការ នៃការជួបផ្ទាល់រវាងវិនិយោគិន និងអ្នកផ្តល់សេវា បង្កើនភាពងាយស្រួល និងធ្វើឱ្យបរិយាកាវិនិយោគនៅកម្ពុជាកាន់តែទទួលបានទំនុកចិត្តពីអ្នកវិនិយោគមួយកម្រិតថែមទៀត។
ឯកឧត្តម បានលើកឡើងទៀតថា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង១០ខែ ប្រព័ន្ធ cdcIPMត្រូវបានលេចរូបរាងឡើង និងបានដាក់ឱ្យប្រើប្រាស់សាកល្បងផ្ទៃក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចាប់ពីដើខែសីហា ឆ្នាំ ២០២៤។ ក្នុងរយៈពេលប្រមាណជាង១ត្រីមាស នៃការប្រើប្រាស់សាកល្បង ក្រុមការងារផ្តល់សេវារបស់គណៈកម្មាធិការវិនិយោគកម្ពុជា បានដំណើរការចុះបញ្ជីគម្រោងវិនិយោគចំនួន៨២គម្រោង ក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលស្មើនឹងទំហំទុនវិនិយោគ ៧១៥លានដុល្លាសហរដ្ឋអាមេរិក ក្នុងនោះមាន៥១ គម្រោង ត្រូវបានអនុម័តតាមប្រព័ន្ធ cdcIPM ជាស្ថាពរជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
សូមជម្រាបថា ប្រព័ន្ធ cdcIPM នេះអាចអនុវត្តចុះបញ្ជីគម្រោងវិនិយោគបាន ក៏ព្រោះតែប្រព័ន្ធនេះ មានអនុលោមភាពជាមួយនឹងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យស្តីពីការអនុវត្ត ច្បាប់វិនិយោគទាំងស្រុង៕