បរទេស៖ ទោះបីជាជួបប្រទះការលក់ធ្លាក់ចុះខ្លាំង ជាលើកដំបូង ក្នុងពេល៤ឆ្នាំ ក៏ដោយ ក្រុមហ៊ុនកាហ្វេអាមេរិក Starbucks នៅតែផ្តល់ ៦០ភាគរយនៃប្រាក់លើកទឹកចិត្ត ឬ Bonus សរុប ជូនដល់បុគ្គលិករបស់ខ្លួន នេះបើតាមការចេញផ្សាយរបស់កាសែត VNexpress។

បុគ្គលិកសាជីវកម្មជាច្រើននាក់ នៅ Starbucks នឹងទទួលបាន Bonus សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ចំពេលមានការធ្លាក់ចុះ នៃការលក់ប្រចាំឆ្នាំ ជាលើកដំបូង របស់ក្រុមហ៊ុន ចាប់តាំងពីឆ្នាំ២០២០។
លទ្ធផលមិនល្អរបស់ក្រុមហ៊ុនកាហ្វេយក្សមួយនេះ គឺកើតមាននៅក្នុងឆ្នាំសារពើពន្ធ ដែលបានបញ្ចប់ត្រឹមថ្ងៃទី ២៩ ខែកញ្ញា នេះបើតាមប្រភព ដែលដឹងអំពីបញ្ហានេះ ថ្លែងប្រាប់កាសែត Bloomberg។

ក្រុមហ៊ុន Starbucks បានជួបប្រទះបញ្ហា ខណៈដែលអ្នកប្រើប្រាស់រងការវាយប្រហារ ដោយអតិផរណា រីករាលដាលប៉ះពាល់ដល់ការលក់កាហ្វេ របស់ក្រុមហ៊ុន។ របាយការណ៍ កាលពីចុងខែមុន បានបង្ហាញពីការលក់ដ៏ខកចិត្តនៅក្នុងទីផ្សារធំបំផុតពីរ របស់ខ្លួន គឺសហរដ្ឋអាមេរិក និងប្រទេសចិន ដែលធ្លាក់ចុះតិចជាងការរំពឹងទុករបស់អ្នកវិភាគ។

សម្រាប់បីត្រីមាសជាប់ៗគ្នា Starbucks បានឃើញការធ្លាក់ចុះនៃការលក់ ៧% ដែលជាកម្រិតខ្លាំងបំផុត ចាប់តាំងពីជំងឺរាតត្បាត Covid-19 នេះបើយោងតាម CNBC ។ ប្រាក់ចំណូលសុទ្ធរបស់ក្រុមហ៊ុនសម្រាប់ត្រីមាសទី៤ គឺ មានជាង ៩០១លានដុល្លារអាមេរិក ធ្លាក់ចុះពី ចំនួន ១.២២ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ការលក់សុទ្ធវិញ ក៏បានថយចុះ ៣% ពោលគឺមកនៅត្រឹម ៩.០៧ពាន់លានដុល្លារ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ