ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD របស់ជប៉ុន បានសម្រេចចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីជំរុញការបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្តដល់យុវជនកម្ពុជា សំដៅឆ្លើយតបឱកាសការងារទាំងក្នុង និងក្រៅប្រទេសដល់យុវជនកម្ពុជា។
ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” បានធ្វើឡើក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KOSHIRO MUTO នាយកប្រតិបត្តិនៃក្រុមហ៊ុន HONDA CARS HAKATA CO., LTD កាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤។

លោក ហេង សួរ បានលើកឡើងថា ការចុះអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ គឺជាសក្ខីភាពក្នុងការផ្តល់អត្ថប្រយោជន៍សំខាន់ៗដល់ស្ថាប័នទាំងពីរ ពោលគឺសម្រាប់យុវជន យុវនារីកម្ពុជានឹងទទួលបានជំនាញ និងឱកាសបំពេញការងារក្នុងជំនាញតោន និងបាញ់ថ្នាំ ជាពិសេសជាងនេះទៀតនោះ គឺទទួលបានឱកាសក្នុងការស្វែងយល់ និងទទួលបានការបំផុសគំនិតនៃការរៀបចំអត្តចរិក និងការធ្វើការបែប «ភាពល្អឥតខ្ចោះ» របស់ជប៉ុន។ រីឯខាងក្រុមហ៊ុនវិញ ក៏នឹងទទួលបាននូវកម្លាំងពលកម្មវ័យក្មេងដែលមានសក្តានុពលខ្ពស់ មានជំនាញពិតប្រាកដ និងសមត្ថភាពពេញលេញ ដើម្បីបំពេញការងារនៅក្នុងក្រុមហ៊ុន នៅឯប្រទេសជប៉ុនផងដែរ។

សូមបញ្ជាក់ដែរថា អនុស្សរណៈនៃការយោគយល់គ្នានេះ គឺមានសុពលភាពសម្រាប់រយៈពេល ៤ឆ្នាំ ដោយមានគោលបំណងបង្កើតនូវក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរលើការបណ្ដុះបណ្តាលជំនាញតោន និង បាញ់ថ្នាំស្របតាមស្ដង់ដារបស់ក្រុមហ៊ុន HONDA CARS HAKATA CO., LTD នៃប្រទេសជប៉ុន ដើម្បីធានាបាននូវគុណភាព និងប្រសិទ្ធភាពនៃការបណ្ដុះបណ្តាលជំនាញឯកទេសជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)៕


Leave a Reply

Your email address will not be published. Required fields are marked *