ខេត្តព្រះសីហនុ៖ ក្រោយកើតមានករណីមន្រ្តីសាលាក្រុងព្រះសីហនុជិត៥០នាក់ ត្រូវទៅសង្គ្រោះនៅមន្ទីររពេទ្យ បន្ទាប់ពីបរិភោគសាំងវិចហើយមានអាការរាករូស និងក្អួតចង្អោរ មន្រ្តីជំនាញ បញ្ជាក់ថា សាំងវិចទាំងនោះ មានផ្ទុកបាក់តេរីប្រភេទ អ៊ីកូឡាយ(E-coli)។
តាមរយៈសេចក្ដីជូនដំណឹង អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បំភ្លឺថា កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន៤១នាក់ មានអាការរាករូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋានមួយកន្លែង។
ភ្លាមៗក្រោយទទួលបានសេចក្ដីរាយការណ៍ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ និងអាហារដ្ឋានមួយកន្លែង ដើម្បីប្រមូលព័ត៌មាន និងបានដកយកសំណាកគំរូ ដែលរួមមាននំសាំងវិច និងគ្រឿងផ្សំសម្រាប់ផលិតនំសាំងវិចចំនួន១២គំរូ ដើម្បីបញ្ជូនទៅមន្ទីររពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគរកកត្តាបង្កគ្រោះនានា។
លទ្ធផលវិភាគបានបង្ហាញថា សំណាកគំរូដែលទទួលបានពីកន្លែងកើតហេតុ ត្រូវបានរកឃើញវត្តមានបាក់តេរីប្រភេទ អ៊ីកូឡាយ(E-coli) និងមានវត្តមានបាក់តេរីប្រភេទ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើសកម្រិតសុវត្ថិភាព។បន្ថែមលើនេះ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) អាចនឹងបង្កការពុលអាហារ បន្ទាប់ពីបានទទួលទានអាហារមានផ្ទុកបាក់តេរីប្រភេទនេះ ក្នុងរយៈពេលចាប់ពី១ ទៅ៦ម៉ោង ដោយបង្ហាញចេញនូវអាការរោគមួយចំនួន ដូចជា ក្អួតចង្អោរ ចុកពោះ និង រាករូសជាដើម ៕