ក្រុមហ៊ុនធានារ៉ាប់រងរបស់កូរ៉េខាងត្បូងចំនួន ៥ និងអាជីវកម្មបរទេសមួយចំនួនផ្សេងទៀត អាចនឹងត្រូវបង់ប្រាក់ជាង ១ពាន់លានដុល្លារ ជាសំណងសម្រាប់ការខាតបង់នៅក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ Jeju Air កាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។យោងតាមអាជ្ញាធរហិរញ្ញវត្ថុកូរ៉េខាងត្បូង បាននិយាយថា សំណងសរុបសម្រាប់ភាគីពាក់ព័ន្ធនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Jeju Air អាចនឹងមានប្រហែល ១,៥២ទ្រីលានវ៉ុន (១,០៣ពាន់លានដុល្លារ) ដោយក្នុងនោះរួមបញ្ចូលទាំងទឹកប្រាក់ ១,៤ទ្រីលានវ៉ុន (១ពាន់លានដុល្លារ) សម្រាប់ការធានាខុសត្រូវចំពោះផលិតផល និង ៥៣,៧ពាន់លានវ៉ុន (៣៦,៥លានដុល្លារ) សម្រាប់ការខូតខាតយន្តហោះ។
គួរឲ្យដឹងផងដែរថា សម្រាប់សំណងធានារ៉ាប់រងលើទំនួលខុសត្រូវផលិតផល នឹងត្រូវបង់ដោយក្រុមហ៊ុនចំនួនប្រាំ រួមមាន Samsung Fire & Marine Insurance, KB Insurance, DB Insurance, Meritz Fire & Marine Insurance និង Hana Insurance ខណ:កម្រិតទូទាត់ជាក់លាក់របស់ក្រុមហ៊ុននីមួយៗមិនត្រូវបានបញ្ជាក់ឲ្យដឹងនោះឡើយ។
នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៩ ខែធ្នូ លោក Song Kyung-hoon ប្រធានផ្នែកគាំទ្រនៅ Jeju Air បាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នឹងបែងចែកជំនួយចាំបាច់ទាំងអស់ ទៅកាន់ជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេ បន្ទាប់ពីទទួលបានប្រាក់ធានារ៉ាប់រងក្នុងចំនួនរាប់ពាន់លានដុល្លារនេះ។
ទន្ទឹមនឹងនេះ អាជ្ញាធរកូរ៉េខាងត្បូង បានបង្កើតប្រព័ន្ធមួយដើម្បីត្រួតពិនិត្យស្ថានភាពធានារ៉ាប់រងរបស់អ្នកដំណើរ ដើម្បីបង្កើនការការពារដល់ជនរងគ្រោះនៃសោកនាដកម្មនេះ។ ពួកគេក៏ធានាផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងទាំងប្រាំ បានផ្តល់សំណងពេញលេញ និងភ្លាមៗដល់គ្រួសារអ្នកស្លាប់ និងរបួស។
ក្រុមហ៊ុនធានារ៉ាប់រង បាននិយាយទៀតថា ពួកគេនឹងផ្តល់សំណងដល់គ្រួសារជនរងគ្រោះភ្លាមៗនៅពេលដែលអត្តសញ្ញាណរបស់ពួកគេត្រូវបានបញ្ជាក់។ ចំណែកឯអ្នករងរបួសក៏នឹងត្រូវបង់ថ្លៃព្យាបាលភ្លាមៗផងដែរ៕