លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំគណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។ កិច្ចប្រជុំនេះក៏មានការចូលរួមដោយរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ព្រមទាំមន្រ្ដីជំនាញនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទផងដែរ។
នាឱកាសនោះ លោក ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានឱ្យដឹងថា គិតត្រឹមឆ្នាំ ២០២៤ អាត្រាគ្របដណ្តប់ទឹកស្អាតជាមូលដ្ឋាននៅទូទាំងប្រទេសមានប្រមាណ ៨៧% ខណៈអាត្រានៃការគ្រប់គ្រងទឹកប្រកបដោយសុវត្ថិភាព (Safely Managed) សម្រេបាន ២១% ដោយឡែកអាត្រាគ្របដណ្តប់អនាម័យនៅទូទាំងប្រទេសមានប្រមាណ ៩២% ខណៈអត្រាគ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព (Safely Managed) សម្រេចបាន ៥១%។

លោក ឆាយ ឫទ្ធិសែន បានគូសបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជំរុញ និងលើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យមានឥរិយាបថល្អ ក្នុងការរស់នៅ ប្រកបដោយអនាម័យល្អ បរិស្ថាបស្អាត និងផាសុកភាព។

លោកក៏បានផ្ដល់អនុសាសន៍គន្លឹះចំនួន ៧ចំណុច រួមមាន៖

១. ជំរុញការអនុវត្តផែនការយុទ្ធសាស្ដ្រជាតិស្ដីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យ ដោយចុះពិនិត្យ និងវាយតម្លៃជាក់ស្ដែងអំពីស្ថានភាពការប្រតិបត្តិអនាម័យ និងការផ្គត់ផ្គង់ទឹកតាមភូមិ និងខ្នងផ្ទះ ។

២. បន្តពង្រឹងយន្តការប្រព័ន្ធគ្រប់គ្រងទិន្នន័យ (MIS) អាត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យ ដោយបន្ដបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា ។

៣. ជំរុញការងារបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)ចំនួន ៧ខេត្តបន្ថែមទៀត ក្នុងឆ្នាំ២០២៥នេះ និងត្រូវធ្វើបុរេសកម្ម ដោយសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

៤.ត្រូវធ្វើបច្ចុប្បន្នភាពបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទ និងបណ្តុះបណ្តាលមន្ត្រីជំនាញ។

៥. ត្រូវរៀបចំផលិតវីដេអូអប់រំខ្លី ដើម្បីផ្សព្វផ្សាយអំពីការប្រតិបត្តិអនាម័យ និងការប្រើប្រាស់ទឹកស្អាត ។

៦. បន្ដកិច្ចសហប្រតិបត្តិការ និងគៀគរថបិកាដើម្បីពន្លឿនការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទតាមរយៈដៃគូអភិវឌ្ឍន៍, NGOs វិស័យឯកជន និងសប្បុរសជនផងដែរ និងធ្វើលិខិតថ្លែងអំណរគុណ និងគ្រឿងឥស្សរិយយសជូនសប្បុរសជន និងអង្គការដៃគូ ។

៧. បន្ដរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុង ដោយប្រកាន់យកនូវគោលការណ៍ រួមគិត រួមអនុវត្ត និងរួមទទួលខុសត្រូវដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ