(បុរេប្រវត្តិនៅតំបន់អង្គរ) កំណើតអង្គរចាប់ផ្តើមឡើងជាមួយនឹងការឡើងគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី២ ដោយមានរៀបចំធ្វើពិធីរាជាភិសេកឱ្យទៅជាស្តេចចក្រវាលនៅលើកំពូលភ្នំគូលេន នៅគ.ស.៨០២។ ព្រះអង្គគង់ប្រថាប់នៅរាជធានីហរិហរាល័យដែលសព្វថ្ងៃយើងស្គាល់ថា តំបន់រលួស ស្ថិតនៅចម្ងាយប្រហែល១០គីឡូម៉ែត្រពីទីក្រុងសៀមរាប។
ក៏ប៉ុន្តែ បើប្រវត្តិសាស្ត្រអង្គរកម្រិតដូចពោលមកអម្បាញ់មិញនេះ ហាក់ដូចជាស្រាលពេក តាមពិតទៅអង្គរមានប្រវត្តិវែងឆ្ងាយជាងនេះ បើគ្រាន់តែពោលយោងទៅលើភស្តុតាងនៃការមកតាំងទីសម័យមុនអង្គរ លើផ្ទៃដីដ៏ធំធេងនៅតំបន់ជុំវិញប្រាសាទអកយំ ។
បើពោលពីសិលាចារឹកដំបូងៗវិញ គេប្រទះឃើញសិលាចារឹកដ៏ចំណាស់មួយដែលមានកាលបរិច្ឆេទតាំងពីគ.ស ៦៧៤ មកម៉្លេះ ។ តាមពិតទៅចន្លោះពីសតវត្សទី៦ដល់ទី៩ នៃគ.ស. គេឃើញមានការលើកឡើងពីព្រះនាមនៃព្រះមហាក្សត្រ ទីក្រុង និងរាជធានី ដែលតាំងនៅក្នុងតំបន់អង្គររយៈពេលខ្លី តែមិនដឹងនៅទីណាពិតប្រាកដ និងសំណល់គ្រឹះប្រាសាទខ្លះៗ។ ក៏ប៉ុន្តែនៅសម័យមុននេះទៅទៀត ពេលដែលពុំទាន់មានអក្សរចារឹកផ្សេងៗ គេដឹងអំពីតំបន់អង្គរនេះតិចតួចណាស់។ គេដឹងថាមានភូមិករផ្សេងៗតាំងពីមុនសម័យប្រវត្តិសាស្ត្រទៅទៀត ឧទាហរណ៍ ភូមិល្វា ដែលលោក Louis Malleret បាន រៀបរាប់នៅឆ្នាំ១៩៥៩ថា ជា ” ភូមិមូលមានកសិន្ទុទឹកជុំវិញ” ដ៏ធំមួយ ដែលស្ថិតនៅចម្ងាយប្រមាណ ២០គ.ម. ទិសពាយ័ព្យនៃសៀមរាប-អង្គរ ។
ក្នុងពេលថ្មីៗនេះ ទោះជាគេដឹងថា មានភូមិមូលដូចគ្នាមួយចំនួនដែលស្ថិតនៅក្បែរៗគ្នាក្តី ក៏នៅពុំទាន់មានស្ថានីយណាមួយដែលគេធ្លាប់បានធ្វើកំណាយស្រាវជ្រាវនៅឡើយហើយគេក៏ពុំទាន់ដឹងនៅឡើយថាតើភូមិទាំងនេះមានទំនាក់ទំនងយ៉ាងណាជាមួយនឹងភូមិករសម័យបុរេប្រវត្តិសាស្ត្រនៅប្រទេសថៃឡង់ដ៍ (ភូមិមូលមានកសិន្ទុទឹកជុំវិញ) និងនៅតំបន់ប៉ែកអាគ្នេយ៍នៃប្រទេសកម្ពុជា ដូចជានៅតំបន់មេមត់ ដែលថ្មីៗនេះការសិក្សាប្រាកដប្រជាមួយអះអាងថា ជាភូមិករនៅសម័យថ្មរំលីងដូចគ្នាទៅនឹងលទ្ធផលកំណាយស្រាវជ្រាវដឹកនាំដោយលោក Bernard-Philippe Groslier នៅឆ្នាំ១៩៦២។អាស្រ័យហេតុនេះ រហូតមកដល់ឆ្នាំ២០០០នេះ ចំណេះដឹងដ៏ស្តួចស្តើងអំពី ការតាំងភូមិករនៅសម័យបុរេប្រវត្តិសាស្ត្រក្នុងតំបន់អង្គរនៅតែពឹងផ្អែកលើលទ្ធផលស្រាវជ្រាវរបស់លោកBernard-Philippe Groslierនៅឡើយ។ ឧទាហរណ៍ លទ្ធផលនៃការរកឃើញស្ថានីយដ៏សំខាន់មួយនៃយុគសម័យដែកតាមរយៈកំណាយរបស់លោកBernard-Philippe Groslier នៅប្រាសាទបក្សីចាំក្រុងក្បែរជើងភ្នំបាខែងនៅឆ្នាំ ១៩៦៦ ត្រូវអះអាងបន្ថែមដោយកំណាយក្នុងពេលថ្មីៗនេះ ដែលដឹកនាំដោយលោក Charles Higham។
ក្នុងឆ្នាំ១៩៥៩ លោក Bernard-Philippe Groslier ក៏បានរកឃើញនៅភាគខាងត្បូងនៃតំបន់រលួសពោលគឺចុះទៅក្រោមដល់ច្រាំងទន្លេសាបលោកបានរកឃើញស្រទាប់ដីដែលមានការតាំងភូមិករក្នុងសម័យថ្មរំលីង ” ដូចគ្នាទៅនឹងប្រភេទស្ថានីយសំរោងសែន ដែលមានមនុស្សតាំងភូមិករបន្តរស់នៅរហូតដល់រាជវង្សដើមគ្រិស្តសករាជ”។
ទន្ទឹមនឹងនេះដោយសារការប្រមែប្រមូលវត្ថុសិល្បៈផ្សេងៗដែលមានរូបរាងដូចៗគ្នានៅតាមស្ថានីយផ្សេងៗនៅក្នុងតំបន់តែមួយនេះ គាត់បានសម្គាល់ថាមានប្រាសាទខ្លះៗ នៅសម័យអង្គរ គេកសាងឡើងនៅលើទីតាំងភូមិករសម័យបុរេប្រវត្តិសាស្ត្រ។ ក៏ប៉ុន្តែគេនៅពុំទាន់អះអាងបានថា គេកសាងប្រាសាទផ្ទាល់នៅលើស្រទាប់ដីភូមិករសម័យបុរេប្រវត្តិសាស្ត្រនៅឡើយទេ ហើយគេក៏ពុំមានព័ត៌មានអំពីទំនាក់ទំនងរវាងសម័យកាលទាំងពីរដែរ ពោលគឺសម័យមកតាំងភូមិករដំបូងៗ និងសម័យចាប់ផ្តើមកសាង ប្រាសាទដែលច្រើនតែមានភាពស្រពេចស្រពិល។
គម្រោងស្រាវជ្រាវបុរាណវិទ្យាបារាំង-ខ្មែរនៅតំបន់អង្គរ MAFKATA ដែលធ្វើឡើងនៅចន្លោះឆ្នាំ២០០០ និង២០០៤ នៅស្ថានីយព្រៃក្មេង ស្ថិតនៅក្បែរបារាយណ៍ទឹកថ្លានេះហើយដែលបានបង្ហាញឲ្យឃើញពីទំនាក់ទំនងផ្ទាល់រវាងសម័យកាលទាំងពីរ ពោលគឺក្នុងចំណោមប្រាសាទ ដែលសង់នៅសម័យមុនអង្គរ ។ ប្រាសាទព្រៃក្មេង ដែលជាប្រាសាទព្រហ្មញ្ញសាសនាដំបូងក្នុងតំបន់នេះ កសាងឡើងផ្ទាល់លើស្រទាប់ដីភូមិករ និងទីកប់សពដែលមានមនុស្សតាំងទីនៅជាបន្តបន្ទាប់តាំងពីសតវត្សទី១តរៀងមក ឥតមានពេលដាច់ឡើយ។
ការរៀបចំតាំងភូមិករនេះ មានលក្ខណៈស្រដៀងយ៉ាងខ្លាំងទៅនឹងភូមិករបុរេប្រវត្តិផ្សេងៗទៀត ដែលគេទើបនឹងដឹងបន្ទាប់ពីមានចលនាលួចជីកគាស់យ៉ាងគគ្រឹកគគ្រេង នៅតំបន់ក្បែរគ្នា ក្នុងខេត្តបន្ទាយ មានជ័យ ។ ក្រោយពីការប្រទះឃើញដោយចៃដន្យនូវទីតាំងកប់សពបុរាណនៅភូមិស្នាយ ។ នៅឆ្នាំ២០០៤ ក្រុម MAFKATA បានរកឃើញស្លាកស្នាមភូមិករបុរេប្រវត្តិថ្មីមួយចំនួនទៀត ពោលគឺស្ថានីយត្រពាំងផុង នៅខាងត្បូងតំបន់រលួស និងស្ថានីយកោះតាមាស នៅបាតបារាយណ៍ទឹកថ្លា។ លទ្ធផលកំណាយឆ្នាំ២០០៥ នៅស្ថានីយកោះតាមាស បានបង្ហាញថា តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីសម័យបុរាណ ពោលគឺតាំងពី ជាង៣,០០០ ឆ្នាំមកម្ល៉េះ ។ បើមើលវិសាលភាពនៃតំបន់អង្គរ ការរកឃើញថ្មីៗនេះបង្ហាញថាភូមិករដំបូងៗប្រមូលផ្តុំនៅទីដែលគេអាចរកចំណីអាហារបានដូចជានៅតាមច្រាំងទន្លេសាបតាមទីទួលខ្លះ និងតាមមាត់ស្ទឹង។ ជារួមតំបន់នេះហើយដែលស្ថានីយប្រវត្តិសាស្ត្រ
ដំបូងៗចាប់ផ្តើមតាំងទី និងផ្តល់កំណើតដល់អង្គរ។ ដូច្នេះយើងអាចកត់សម្គាល់បានថាដែនដីនេះប្រកបដោយសក្តានុពលដល់ការមកតាំងភូមិករជាបន្តបន្ទាប់ ហើយដែលគេប្រើទីតាំងនេះជាប្រចាំ ពុំមានពេលណាមួយរំលងចោលម្តងណាឡើយ រហូតមកទល់នឹងពេលដែលមានការកសាងប្រាសាទ សម្រាប់ព្រហ្មញ្ញសាសនា៕