ការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង “ភាពជឿទុកចិត្តនៃថវិកា” ដែលរួមចំណែកក្នុងការធានាបាននូវចីរភាពនៃសេដ្ឋកិច្ចជាតិ
ក្នុងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយតំណាងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាលើ “របាយការណ៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤” កាលពីថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ
ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានលើកឡើងថា ការត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាំបាច់ក្នុងការបន្តពង្រឹង “ភាពជឿទុកចិត្តនៃថវិកា” ដែលរួមចំណែកក្នុងការធានាបាននូវចីរភាពនៃសេដ្ឋកិច្ចជាតិ ក្នុងខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចសាកលមានភាពមិនប្រាកដប្រជាខ្ពស់។
ផ្អែកតាមរបាយការណ៍វឌ្ឍនភាពកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រចាំត្រីមាសទី ២ ឆ្នាំ ២០២៤, ការអនុវត្តផែនការសកម្មភាពកែទម្រង់របស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួង-ស្ថាប័ន បន្តមានចលនាការ និងវឌ្ឍនភាពល្អតាមការគ្រោងទុក ។ ទោះបីជាយ៉ាងនេះក្តី, ស្ថានភាពហិរញ្ញវត្ថុសាធារណៈកម្ពុជា កំពុងបន្តរងឥទ្ធិពលពីភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌហិរញ្ញវត្ថុសាកល ដែលតម្រូវឱ្យរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការឆ្លើយតបភ្លាមៗ ដើម្បីទ្រទ្រង់កំណើននិងលើកកម្ពស់បរិយាកាសវិនិយោគនិងធុរកិច្ច ។
ក្នុងស្មារតីនេះ, សកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតែដើរតួនាទីសំខាន់ក្នុងការបន្តនិរន្តរភាពការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ក្នុងនោះ, “យុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងបំណុលសាធារណៈ ឆ្នាំ២០២៤-២០២៨” ត្រូវបានអនុម័តនិងដាក់ឱ្យអនុវត្ត នៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០២៤ ក្នុងគោលបំណងធានានូវប្រសិទ្ធភាព, ស័ក្តិសិទ្ធិភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាព នៃការគ្រប់គ្រងបំណុលសាធារណៈ រួមទាំងមូលបត្ររដ្ឋ។ ទន្ទឹមនេះ ការដ្ឋានដែលត្រូវអនុវត្ត “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)”, “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS)” និង “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (NRMIS)” ត្រូវបានពង្រីកជាបន្តបន្ទាប់ ដល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស ហើយដំណើរការនៃមុខងាររបស់ប្រព័ន្ធនីមួយៗ ត្រូវបានពង្រឹងបន្ថែម ដើម្បីឆ្លើយតបទៅនឹងបរិការណ៍បច្ចុប្បន្ននៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ការកសាង “ឃ្លាំងទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ” ក៏កំពុងមានវឌ្ឍនភាពល្អ ដែលក្នុងនោះ ផតថលទិន្នន័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកចំហរជាសាធារណៈ ត្រូវបានរៀបចំនិងដាក់ឱ្យដំណើរការសាកល្បងផងដែរ។
តំណាងដៃគូអភិវឌ្ឍន៍ និង អង្គការមិនមែនរដ្ឋាភិបាល បានអបអរសាទរចំពោះរាជរដ្ឋាភិបាល ដែលសម្រេចបាននូវសមិទ្ធផលល្អ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ តំណាងដៃគូអភិវឌ្ឍន៍ និង អង្គការមិនមែនរដ្ឋាភិបាល ក៏បានផ្ដល់នូវមតិយោបល់មួយចំនួន សំដៅចូលរួមចំណែកក្នុងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចសាកលផងដែរ។