មន្រ្តីកសិកម្មឃុំ នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ សម្របសម្រួលទីផ្សារ​ស្រូវ​សែន​​ក្រអូប​ជូនកសិករក្នុងឃុំមួយចំនួន​នៅតំបន់នោះ ​ទៅកាន់រោងម៉ាស៊ីន​ស្រូវ

នៅក្នុងការប្រមូលផលស្រូវដើមរដូវវស្សា ឆ្នាំ២០២៤ មន្រ្តីកសិកម្មឃុំ​ស្វាយចចឹប សហការជាមួយមន្រ្តីកសិកម្មឃុំពោធិ៍អង្ក្រង និងឃុំកាត់ភ្លុក​ស្រុក​​បរសេដ្ឋ ខេត្តកំពង់ស្ពឺ បានធ្វើការសម្របសម្រួលទីផ្សារស្រូវសែន​ក្រអូបជូនកសិករនៅឃុំស្វាយចចឹប ទៅកាន់រោងម៉ាស៊ីនខ្មែរហ្វូត។

ជាលទ្ធផលនៃការសម្របសម្រួលទីផ្សារ មានកសិករចំនួន៦៧គ្រួសារ មកពី៩ភូមិ រួមមាន ភូមិចេក ភូមិចចឹប ភូមិអណ្តូងល្វា ភូមិត្រពាំងខ្ទុំ ភូមិត្រពាំងធ្លក ភូមិពពូល ភូមិសង្កែលាក់ ភូមិពង្រ និងភូមិត្រយឹង។ ចំណែក ស្រូវបាននាំចេញទៅរោងម៉ាស៊ីនមានចំនួនជាង ១៨៤​ ៣០៨គីឡូក្រាម ចំណែកតម្លៃស្រូវកសិករទទួលបាន នៅខាងស្វាយចចឹបចន្លោះគឺពី ១ ២៥០៛ ទៅ ១ ៣៥០៛ ក្នុង១គីឡូក្រាម។

គួរបញ្ជាក់ថា កសិករនៅតំបន់នោះបានសម្តែងការត្រេកអរជាខ្លាំង ចំពោះមន្រ្តីកសិកម្មឃុំក្នុងការជួយសម្របសម្រួលទីផ្សារ និងជួយឱ្យ​កសិករ​លក់ស្រូវបានតម្លៃថ្លៃសមរម្យជាងមុន និងពុំមានការក្រឡុកតម្លៃ។ កសិករបានស្នើឱ្យមន្រ្តីកសិកម្មឃុំជួយចុះសម្របសម្រួលស្រូវគ្រប់រដូវជូនកសិកររាល់ឆ្នាំ។

កសិករយល់ច្បាស់ថា ការផលិតស្រូវដោយប្រើពូជសុទ្ធ និងសហការគ្នាដើម្បីផលិតលក់ជូនរោងម៉ាស៊ីន ធ្វើឱ្យស្រូវមានតម្លៃល្អ និងមានស្ថិរភាព។ បន្ថែមពីលើនេះ កសិករកាន់តែមានទំនុកចិត្ត​ក្នុងការចូលរួម​ផលិតរួម និងលក់ស្រូវរួមគ្នា តាមគោលការណ៍ក្រុមសមកាលកម្ម ដោយមានការសម្របសម្រួលពីមន្រ្តីកសិកម្មឃុំ៕


Leave a Reply

Your email address will not be published. Required fields are marked *