នាល្ងាចថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក លឹម ឃុនស្រ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អប្សរា មេឌា សឺវីស ឯ.ក (AMS) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីផ្តល់កិច្ចសហប្រតិបត្តិការក្នុងការផ្សព្វផ្សាយ និងផលិតមាតិកាល្អៗសម្រាប់លើកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា និងបានឯកភាពក្នុងការចុះអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន (AMS) និងក្រសួងទេសចរណ៍ ក្នុងគោលបំណងរឹតចំណងមិត្តភាពរវាងវិស័យឯកជន និងស្ថាប័នរដ្ឋក្នុងការសហការផលិត និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ប្លែកៗ ប្រកបដោយគុណភាព និងភាពទាក់ទាញ ទន្ទឹមនឹងនោះក៏ដើម្បីឱ្យស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែល ឯកឧត្តមរដ្ឋមន្ត្រី បានដាក់ចេញនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៦ ក្នុងនោះ ក៏មានវិស័យឯកជនផងដែរ។

ជាលទ្ធផលនៃកិច្ចជំនួបដ៏មានសារៈសំខាន់នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យបន្ត ជួយផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ជាពិសេសការជួយផ្សព្វផ្សាយនូវព័ត៌មានមិនពិតពីកម្ពុជា ដែលកម្ពុជាពោរពេញទៅដោយកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ដែលបង្កើតបាននូវបរិយាកាសអំណោយផលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេស ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យជួយចូលរួមក្នុងយុទ្ធនាការ ក្រោមទិសស្លោកចំនួន ៣ គឺ៖
ទិសស្លោករបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!» និងទិសស្លោករបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី៖ «ទេសចរណ៍រីកលូតសាល់ក្នុងសន្តិភាព!» និងទិសស្លោករបស់មហាគ្រួសារវិស័យទេសចរណ៍៖ «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់!»។


Leave a Reply

Your email address will not be published. Required fields are marked *