នាល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ក្រុមហ៊ុន TUI BLUE Hotels & Resorts របស់ប្រទេសអាលឺ្លម៉ង់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាគណៈអធិបតីថ្លែងសន្ទុរកថាស្វាគមន៍ និងកាត់ខ្សែបូរសម្ពោធសណ្ឋាគារដ៏ប្រណិតលំដាប់ផ្កាយ TUI BLUE SIHANOUKVILLE ដែលមានទីតាំងស្ថិតនៅចំកណ្តាលក្រុងព្រះសីហនុ មានកំពស់១៧ជាន់ និងមានបន្ទប់ជិត២០០បន្ទប់ រួមទាំងបំពាក់បរិក្ខារទំនើបៗ អាងហែលទឹក សាលប្រជុំ និងBall Room ជាដើម។ ថ្លែងក្នុងឱកាសសម្ពោធសណ្ឋាគារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនទេសចរណ៍ដ៏ធំរបស់ប្រទេសអាល្លឺម៉ង់ដែលបានមកបណ្តាក់វិនិយោគលើវិស័យទេសចរណ៍នៅប្រទេសកម្ពុជាដែលជាប្រទេសប្រកបដោយសក្តានុពលទេសចរណ៍ និងមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អ ពិសេសគឺទទួលបាននូវការលើកទឹកចិត្តច្រើន និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ លោក Artur Gerber នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TUI BLUE HOTELS & RESORTS បានថ្លែងអំណរដ៏ជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី និងគណៈអធិបតីដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញផ្តល់កិត្តិយសក្នុងកម្មវិធីសម្ពោធ និងបានបញ្ជាក់ជូនថាការបើកដំណើរសណ្ឋាគារនេះ ជាការចាប់ផ្តើមគម្រោងដំបូងលើគម្រោងវិនិយោគជាច្រើនតទៀតរបស់ក្រុមហ៊ុននៅកម្ពុជា ហើយវត្តមានរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជានាពេលនេះ គឺផ្អែកលើសក្តានុពលទេសចរណ៍ដ៏ភ្លឺចែងចាំងដូចពេជ្រ និងវប្បធម៌ភ្លឺ​ពណ្ណរាយរបស់កម្ពុជា បន្ថែមជាមួយនឹងកិច្ចសហការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបង្កើតជាដីដ៏មានជីវជាតិសំរាប់ការរីកលូតលាស់លើគ្រប់វិស័យ ហើយក៏ជាសមិទ្ធិផលជាផ្លែផ្កាដ៏ជាក់ច្បាស់ បន្ទាប់ពីជំនួបពិភាក្សាការងាររវាងក្រុមហ៊ុន និងឯកឧត្តមរដ្ឋមន្រ្តី នាអំឡុងពេលការចូលរួមរបស់កម្ពុជានៅពិព័រណ៍អន្តរជាតិរដ្ឋធានីប៊ែរឡាំង នាដើមខែមីនា ឆ្នាំ២០២៥ កន្លងមក។​

សូមបញ្ជាក់ថាក្រុមហ៊ុន​ TUI BLUE HOTELS & RESORTS គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទេសចរណ៍ដ៏ធំរបស់ប្រទេសអាលឺ្លម៉ង់ គ្រប់គ្រងលើសណ្ឋាគារ និងរីសេតចំនួនជាង៤០០កន្លែងដ៏ពេញនិយមជុំវិញពិភពលោក ដោយមានម៉ាកសញ្ញាពាណិជ្ជកម្មដ៏ល្បីច្រើនជាង១០ម៉ាក។


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ