នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញសំណេះសំណាល និងស្វាគមន៍ចំពោះសាស្ត្រាចារ្យ សិស្ស-និស្សិតសាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចដល់ដំណើរទស្សនកិច្ចប្រចាំឆ្នាំ២០២៥ ចំនួន ៥០នាក់ ដែលសហការគាំទ្របញ្ចុះតម្លៃដោយក្រសួងទេសចរណ៍ក្នុងការជំរុញចលនាទេសចរណ៍របស់សិស្ស-និស្សិតក្នុងរដូវកាលបៃតង (Green Season) ក្រោមប្រធានបទ៖ «លើកកម្ពស់ចំណេះដឹងឆ្ពោះទៅរកសមិទ្ធផលប្រកបដោយនិរន្តភាព» ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំតាមរយៈការចែករំលែកចំណេះដឹង ការបរិច្ចាគដែលប្រមូលបានពីការរៃអង្គាសរបស់និស្សិតក្នុងទម្រង់ជាសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ និងបំផុសគំនិតយុវជនឱ្យយល់ដឹងពីគុណតម្លៃសម្បត្តិបេតិកភណ្ឌជាតិ និងវប្បធម៌របស់ប្រទេសកម្ពុជា ព្រមទាំងសកម្មភាពដាំដើមឈើចូលរួមជួយលើកកម្ពស់ការការពារបរិស្ថាន និងដំណើរនៃការថែរក្សាប្រព័ន្ធអេកូឡូស៊ី ប្រកបដោយនិរន្តរភាព ក្នុងខេត្តសៀមរាប ជាពិសេសដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក បង្កើនចំណេះដឹងអំពីតំបន់សក្តានុពលទេសចរណ៍ ធនធានធម្មជាតិ វប្បធម៌ និងការរីកចម្រើននៃសេដ្ឋកិច្ចសហគមន៍។
សូមជម្រាបជូនថា ដំណើរទស្សនកិច្ចប្រចាំឆ្នាំ២០២៥នេះ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២៥ (រយៈពេល ៣យប់ ៤ថ្ងៃ) ដែលឆ្លងកាត់ខេត្តចំនួន ៤គឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប និងអញ្ជើញទៅចុះទស្សនកិច្ចសិក្សានៅទីតាំងសិប្បកម្មផលិតសម្ភារៈ និងវត្ថុអនុស្សាវរីយ៍ធ្វើពីដីឥដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង សិក្ខាសាលាដើម្បីចែករំលែកចំណេះដឹង នៅវិទ្យាល័យពោធិ៍សាត់ សកម្មភាពសប្បុរសធម៌ នៅមជ្ឈមណ្ឌលកុមារមេគង្គ ក្នុងខេត្តបន្ទាយមានជ័យ ទស្សនកិច្ចសិក្សាតំបន់ឧទ្យានអង្គរ និងយុទ្ធនាការដាំដើមឈើនៅតាមដងផ្លូវក្រុងសៀមរាប ក្នុងខេត្តសៀមរាប។