បរទេស៖ធនាគារពិភពលោកកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញកញ្ចប់ប្រាក់ ១០០ ប៊ីលានដុល្លារ សម្រាប់ជាកម្ចីអភិវឌ្ឍន៍ដល់ប្រទេសដែលមានប្រាក់ចំណូលទាបជុំវិញពិភពលោក ដើម្បីដោះស្រាយវិបត្តិផ្សេងៗ រាប់តាំងពីបំណុល រហូតដល់ការប្រយុទ្ធប្រឆាំងមហន្តរាយអាកាសធាតុ អតិផរណា និងជម្លោះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៤។
ជាធម្មតា កញ្ចប់ទឹកប្រាក់សម្រាប់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) មួយនេះ តែងតែដាក់ចេញជារៀងរាល់៣ឆ្នាំម្ដង ហើយកញ្ចប់ថ្មីជាកំណត់ត្រាខ្ពស់បំផុត រាប់តាំងពីកញ្ចប់ ៩៣ ប៊ីលានដុល្លារ ដែលត្រូវបានបញ្ចេញនៅឆ្នាំ ២០២១។ យ៉ាងណាមិញ មានសេចក្ដីរាយការណ៍ថា ចំនួននេះតិចជាងការទាមទាររបស់ក្រុមមេដឹកនាំនៅអាហ្វ្រិក ដែលសុំឱ្យបង្កើនមូលនិធិ IDA ដល់ ១២០ ប៊ីលានដុល្លារ។
ប្រធានធនាគារពិភពលោក លោក Ajay Banga បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា មូលនិធិថ្មី ១០០ ប៊ីលានដុល្លារ នឹងត្រូវផ្ដល់ទៅឱ្យប្រទេសដែលត្រូវការវាបំផុតចំនួន ៧៨ ប្រទេស។ លោកបានបន្ថែមថា វានឹងជួយផ្តល់ «ធនធានក្នុងការវិនិយោគលើវិស័យសុខាភិបាល ការអប់រំ ហេដ្ឋារចនាសម្ព័ន្ធ និងភាពធន់នឹងអាកាសធាតុ» ក៏ដូចជាជួយធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព និងបង្កើតការងារ។
កញ្ចប់ទឹកប្រាក់សម្រាប់សមាគមអភិវឌ្ឍន៍អន្តរជាតិ IDA ដែលផ្ដល់កម្ចីជាមួយការប្រាក់ទាប បានក្លាយជាប្រភពសម្បទានដ៏ធំសម្រាប់ហិរញ្ញវត្ថុអាកាសធាតុ ហើយប្រហែល ២/៣ នៃមូលនិធិនេះ បានទៅជួយដល់ប្រទេសក្រីក្រនានាក្នុងទ្វីបអាហ្រ្វិក។ នេះបើយោងតាមធនាគារពិភពលោក។ មូលនិធិភាគច្រើនមកពីសហរដ្ឋអាមេរិក ជប៉ុន និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន រួមទាំងចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង៕