អន្តរជាតិ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តគឺ កូរ៉េខាងត្បូង បានរួមដៃគ្នាចាប់ផ្តើមបង្កើតក្រុមការងារពិសេសថ្មីមួយ ដែលគេមើលឃើញថាជាវិធានការក្ដៅថ្មីមួយ ខ្ទប់ដង្ហើមផ្នែកមួយនៃសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ដើម្បីកុំឲ្យទទួលបានការដឹកជញ្ជូនប្រេងខុសច្បាប់ ស្របពេលភាពទាល់ច្រក នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បង្កឲ្យមានភាពមិនច្បាស់លាស់ចំពោះអនាគតនៃទណ្ឌកម្មជាអន្តរជាតិដាក់លើប្រទេសឯកោមួយនេះ ជុំវិញកម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់ខ្លួន។

កិច្ចប្រជុំលើកដំបូងនៃក្រុមការងារពង្រឹងការរារាំង ហៅកាត់ថា (EDTF) ត្រូវបានធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ២៦ មីនា សប្ដាហ៍នេះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា ជំនួបនេះមានការចូលរួមពីមន្ត្រីជាង ៣០ រូប មកពីក្រសួង និងទីភ្នាក់ងារទទួលបន្ទុកការទូត ចារកម្ម ទណ្ឌកម្ម និងការរារាំងដែនសមុទ្រ។
ជាមួយគ្នានោះ ប្រទេសទាំង២ បានង្ហាញក្ដីកង្វល់ចំពោះលទ្ធភាព ដែលរុស្ស៊ីផ្តល់ប្រេងចម្រាញ់រួចដល់កូរ៉េខាងជើង និងមធ្យោបាយផ្អាកកិច្ចសហប្រតិបត្តិការខុសច្បាប់ រវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង។

ក្រោមការរឹតត្បិតនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីអាវុធមហាប្រល័យ និងមីស៊ីលរបស់ទីក្រុងព្យុងយ៉ាង ប្រទេសនេះ ត្រូវបានកំណត់ឲ្យនាំចូលប្រេងឆៅ៤លានបារ៉ែល និង ៥០០.០០០ធុងនៃផលិតផលចម្រាញ់រួច ក្នុង ១ឆ្នាំ តែប៉ុណ្ណោះ៕


Leave a Reply

Your email address will not be published. Required fields are marked *