(កូឡុំបូ)៖ សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានកើនឡើង ៥,៥% នៅត្រីមាសទី៣ ឆ្នាំ២០២៤ ខណៈប្រទេសអាស៊ីខាងត្បូងនេះ ព្យាយាមបញ្ចប់ការរៀបចំបំណុលរូបិយប័ណ្ណបរទេសឡើងវិញ ដែលមានសារៈសំខាន់ ដើម្បីរក្សាលំហូរថវិកាសង្គ្រោះរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។

កំណើននេះបានកើតមានឡើង បន្ទាប់ពីសេដ្ឋកិច្ចរបស់ប្រទេសនេះកើនឡើង ៤,៧% ក្នុងត្រីមាសទី៣ និងខណៈពេលដែលអាជ្ញាធរបាននិយាយថា ម្ចាស់ប័ណ្ណបំណុលរបស់ខ្លួន បានគាំទ្រផែនការរៀបចំបំណុលជាប្រាក់ដុល្លារឡើងវិញ។

កាលពីខែមុន ប្រទេសស្រីលង្កាទទួលបានប្រាក់ចំនួន ៣៣៣លានដុល្លារ ពីការផ្តល់ហិរញ្ញប្បទានពីកម្មវិធីថវិកាសង្គ្រោះរបស់មូលនិធិ IMF ដែលមានថវិកាសរុបចំនួន ៣ពាន់លានដុល្លារ។ បើទោះបីជាមូលនិធិ IMF នឹងជួយរក្សាស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសដីកោះនេះក៏ដោយ ក៏មូលនិធិ IMF តម្រូវឱ្យមានការចាត់វិធានការគោលនយោបាយបន្ថែមទៀត រួមទាំងការរៀបចំបំណុលឡើងវិញផងដែរ។

លោកប្រធានាធិបតីស្រីលង្កា Anura Kumara Dissanayake បាននិយាយកាលពីថ្ងៃទី២១ ខែវិច្ឆិកាថា រដ្ឋាភិបាលដែលទើបជាប់ឆ្នោតថ្មី របស់លោកនឹងបន្តដំណើរការកម្មវិធីកម្ចីសង្គ្រោះរបស់មូលនិធ IMF និងថា ការធានាស្ថិរភាពគឺជារឿងសំខាន់បំផុត សម្រាប់រដ្ឋាភិបាលរបស់លោកជាមួយនឹងសេដ្ឋកិច្ចដ៏ផុយស្រួយ ដែលអាចរងគ្រោះដោយសារប្រការមិនល្អណាមួយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ