ចិន៖ ទិន្នន័យផ្លូវការដែលតាមដានការទូទាត់ឆ្លងព្រំដែនបានបង្ហាញថា លំហូរចេញមូលធនពីទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិនបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺចំនួន ៤៥,៧ពាន់លានដុល្លារនៅក្នុងខែវិច្ឆិកា ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលប្តូរប្រាក់បរទេសចិន (SAFE) ដែលជានិយតករប្តូរប្រាក់បរទេសរបស់ប្រទេសចិនថា ប្រាក់ចំណូលឆ្លងព្រំដែនពីការវិនិយោគផលប័ត្រនានាមានចំនួន ១៨៨,៩ពាន់លានដុល្លារ ខណៈដែលការទូទាត់សរុបមានចំនួន ២៣៤,៦ពាន់លានដុល្លារ ដែលបណ្តាលឱ្យមានឱនភាពប្រចាំខែច្រើនធំបំផុតមិនធ្លាប់មាន។

ក្រុមហ៊ុនហិរញ្ញវត្ថុ BNP Paribas បានឱ្យដឹងនៅក្នុងកំណត់ត្រាមួយដែលផ្ញើជូណអតិថិជនថា៖ «ថាតើសន្ទុះនៃការស្ទុះងើបឡើងវិញអាចរក្សាបាននិរន្តរភាពនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ឬយ៉ាងណានោះ អាស្រ័យលើល្បឿន និងទំហំនៃការអនុវត្តវិធានការជំរុញដែលបានដាក់ចេញនៅ ឯ សិន្និសីទការងារសេដ្ឋកិច្ចមជ្ឈិម (CEWC) ក៏ដូចជាពេលវេលាដែលត្រូវដកហូតពន្ធគយរបស់អាមេរិកដែលអាចកើតមានឡើងផងដែរ»។
ក្នុងអំឡុងសន្និសីទការងារសេដ្ឋកិច្ច មជ្ឈិម (CEWC) កាលពីសប្តាហ៍មុន មេដឹកនាំចិនបានសន្យាថានឹងបង្កើនទំហំឱនភាពថវិកា បោះផ្សាយបំណុលបន្ថែម ទៀត និងបន្ធូរបន្ថយគោល នយោបាយរូបិយវត្ថុ។

ទិន្នន័យផលប័ត្រវិនិយោគដែលចេញផ្សាយដោយ រដ្ឋបាល SAFE នេះត្រូវបានចេញផ្សាយ បន្ទាប់ពីអាជ្ញាធរចិនចេញផ្សាយស្ថិតិមូលធនផ្សេងទៀតដែលបង្ហាញពីនិន្នាការស្រដៀងគ្នានេះដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ