តម្លៃស្បៀងអាហារនៅតំបន់ហ្កាហ្សាស្ទ្រីប បានហក់ឡើងយ៉ាងខ្លាំង ខណៈជម្លោះកំពុងបន្តរវាងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលធ្វើឱ្យប្រជាពលរដ្ឋជួបការលំបាកកាន់តែខ្លាំង និងប្រឈមគ្រោះទុរ្ភិក្ស។
ក្រោយផ្ទុះសង្រ្គាម អ៊ីស្រាអែល បានបិទផ្លូវស្ទើរគ្រប់ទីកន្លែងនៅតំបន់ហ្កាហ្សាស្ទ្រីប ដោយអនុញ្ញាតឱ្យរថយន្តជំនួយមួយចំនួនតូចចូលតែប៉ុណ្ណោះ ជាដើមចមនាំឲ្យខ្វះខាតការផ្គត់ផ្គង់ធ្ងន់ធ្ងរ និងនាំឲ្យតម្លៃគ្រឿងផ្គត់ផ្គង់ជីវភាពដ៏ចាំបាច់ប្រចាំថ្ងៃ ដូចជាម្សៅមី និងស្ករជាដើម ហក់ឡើងខ្ពស់កប់ពពក។
ស្ថានភាពមនុស្សធម៌នៅភាគខាងជើង ហ្កាហ្សាស្ទ្រីប កាន់តែយ៉ាប់យ៉ឺនខ្លាំង ដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ ដែលគំរាមកំហែងដល់អាយុជីវិតអ្នកស្រុករាប់សែននាក់។
តម្លៃម្សៅមីមួយគីឡូក្រាម បានឡើងថ្លៃចាប់ពីតិចជាង ១ ស្ហាកែល (០,២៧ ដុល្លារ) ដល់ ៥០ ស្ហាកែល (១៣,៦៥ ដុល្លារ) ហើយស្ករ ១ គីឡូក្រាមឡើងថ្លៃពី ៣,៥ ស្ហាកែល (ជិត ១ ដុល្លារអាមេរិក) ដល់ ៨០ស្ហាកែល (ជិត២២ ដុល្លារ)។ តម្លៃខ្ពស់កប់ពពកនេះ បានដាក់បន្ទុកកាន់តែលំបាកបន្ថែមទៀត លើប្រជាពលរដ្ឋ ដែលរងគ្រោះពីសង្រ្គាមស្រាប់៕