អាមេរិក៖ បេក្ខជនឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បានបង្កើនវោហាសាស្រ្តរបស់ខ្លួនជាថ្មីលើគោលនយោបាយការពារនិយម ដោយលើកឡើងថា លោកនឹងតម្លើងពន្ធលើសពី ២០០ ភាគរយ ប្រសិនបើជាប់ឆ្នោតកាន់អំណាចជាថ្មីនាខែវិច្ឆិកាខាងមុខ។

អតីតប្រធានាធិបតីរូបនេះ បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖ «អ្វីដែលខ្ញុំនឹងធ្វើ គឺថា «ខ្ញុំនឹងដាក់ពន្ធ ២០០ (ភាគរយ) ឬ ៥០០។ ខ្ញុំមិនខ្វល់ទេ។ ខ្ញុំនឹងកំណត់លេខ(ពន្ធ) ដើម្បីកុំឱ្យពួកគេអាចលក់ឡានបានសូម្បីតែមួយគ្រឿង»។ លោកបន្តថា៖ «ខ្ញុំមិនចង់ឱ្យពួកគេ បង្កការខូចខាតដល់ក្រុមហ៊ុនរថយន្តក្នុងស្រុករបស់យើងនោះទេ»។

គេមើលឃើញថា គោលនយោបាយតម្លើងពន្ធលើផលិតផលនាំចូលបរទេស ជាពិសេសចិន និងម៉ិកស៊ិក គឺជាស្នូលវោហាសាស្រ្តមួយរបស់លោក ត្រាំ ដែលកំពុងរងការប្រកួតប្រជែងយកដំណែងកំពូលយ៉ាងស្វិតស្វាញពីអនុប្រធានាធិបតីបច្ចុប្បន្ន លោកស្រី កាម៉ាឡា ហារីស ។

ជាមួយគ្នានេះ លោក ត្រាំ ធ្លាប់បានគំរាមយកពន្ធដ៏ធំលើរថយន្តពីម៉ិកស៊ិកពេលលោកក្លាយជាប្រធានាធិបតី និងជាបេក្ខជនឈរឈ្មោះ ក្រោយពេល និងមុនពេលការបោះឆ្នោតឆ្នាំ ២០១៦។ ជុំវិញបញ្ហានេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើន ធ្លាប់បាននិយាយថា ការដាក់ពន្ធរហូតដល់ ២៥ ភាគរយ លើរថយន្ត និងគ្រឿងបន្លាស់ពីម៉ិកស៊ិក អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្ម និងតម្លើងថ្លៃរថយន្ត៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ