បរទេស៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ Viet Nam News កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ម្សិលមិញនេះ ទិន្នន័យរបស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសហរដ្ឋអាមេរិក ឈានដល់ ១០០,៣ ប៊ីលាន​ដុល្លារ​ ក្នុងរយៈពេល​ ៩ ខែ​ដំបូង​ ដើម​ឆ្នាំ​ ២០២៤ ហើយក៏បានបង្ហាញថា វៀតណាមនាំចេញទៅអាមេរិកជិត ៩០ ប៊ីលាន​ដុល្លារ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី​ឈានដល់ ១០០ ប៊ីលាន។

សហរដ្ឋ​អាមេរិក​បន្ត​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​វៀតណាម​ ដោយ​ការ​នាំ​ចេញ​របស់​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​ ​​រួម​ចំណែក​ភាគ​ច្រើន​លើស​លុប​លើ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគីជាមួយ​អាមេរិក​​ ក្នុង​ចំនួន​ប្រមាណ​ ៨៩,៤ ប៊ីលាន​ដុល្លារ​ គិត​ត្រឹម​ចុង​ខែ​កញ្ញា​ កើន​ឡើង​ ២៧,៤ ភាគរក​ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។

ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា ទីផ្សារសហរដ្ឋអាមេរិកកំពុងបង្ហាញសញ្ញានៃ​កំណើន​តម្រូវការរបស់​អ្នកប្រើប្រាស់ និងការពង្រីកតម្រូវការនាំចូល-នាំចេញរបស់អាជីវកម្ម ដែលនាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់នូវតម្រូវការផលិតផលឈើ អាហារសមុទ្រ និងវាយនភណ្ឌ​របស់​វៀតណាម​។
យោងតាមការិយាល័យពាណិជ្ជកម្មវៀតណាមនៅអាមេរិក មានហេតុផល៣ ដែល​ធ្វើ​​ពាណិជ្ជកម្មទ្វេភាគីកើន​ឡើង​ជាបន្ត​ ចំពេល​សេដ្ឋកិច្ច​សកល​ស្ថិត​ក្នុងភាព​ស្រពិច​ស្រពិល​ ដែល​រួម​មាន​ ភាព​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​ការទូត​​ កំណើន​ចំណង់ចំណូល​ចិត្ត​លើ​ផលិត​ផល​វៀតណាម​លើ​ទីផ្សារ​អាមេរិក​ និង​ការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ និងនិន្នាការវិនិយោគដែល​បង្កើនសមត្ថភាពផលិតរបស់សហគ្រាសវៀតណាមជាដើម​។

យោងតាមការិយាល័យពាណិជ្ជកម្ម ការនាំចេញរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក​ រំពឹងថានឹងបន្ត​កើនឡើងនាពេលអនាគត ដោយសារ​ភាព​រឹង​មាំ​នៃ​តម្រូវការទីផ្សារ​ និងបរិមាណទំនិញ​ក្នុង​ស្តុកធ្លាក់ចុះ។ យ៉ាង​ណា​មិញ​ វិធានការការពារពាណិជ្ជកម្មប្រឆាំងនឹងការនាំចូល​របស់​សហរដ្ឋអាមេរិក ​នៅ​តែ​ជាក្តីកង្វល់ដ៏ធំបំផុតសម្រាប់បណ្ដា​ប្រទេសដែលនាំចេញទៅកាន់ប្រទេសមហាអំណាច​មួយ​នេះ៕


Leave a Reply

Your email address will not be published. Required fields are marked *

ព័ត៌មានថ្មីៗ