បាងកក៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយនៅថ្ងៃពុធទី ១៣ ខែវិច្ឆិកាថា ថៃកំណត់គោលដៅកំណើនសេដ្ឋកិច្ច ៣,៥ ភាគរយនៅឆ្នាំ២០២៥ បន្ទាប់ពីកំណើន ២,៧ ភាគរយក្នុងឆ្នាំនេះ ហើយរាជរដ្ឋាភិបាលនឹងពិចារណាលើវិធានការជំរុញបន្ថែមទៀត និងការដាក់ឱ្យដំណើរការដំណាក់កាលទី ២ នៃគម្រោងផ្តល់ប្រាក់ចំនួន ១៤ពាន់លានដុល្លាររបស់ខ្លួន។
ក្នុងវេទិកាធុរកិច្ច លោក ភីឆៃ បានលើកឡើងថា កំណើនមានភាពយឺតយ៉ាវ ដោយសារការវិនិយោគ និងការងារទាប ក៏ដូចជាបំណុលគ្រួសារខ្ពស់ និងបញ្ហាសម្រាប់អាជីវកម្មខ្នាតតូច។ សេដ្ឋកិច្ចធំទី២របស់អាស៊ីអាគ្នេយ៍ បានកើនឡើងត្រឹមតែ ១,៩ ភាគរយកាលពីឆ្នាំមុន ជាមួយនឹងសមាមាត្រនៃបំណុលគ្រួសារទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) ៨៩,៦ ភាគរយ នៅចុងខែមិថុនា ក្នុងចំណោមកម្រិតខ្ពស់បំផុតនៅអាស៊ី។
លោកបន្តថា៖ «បញ្ហារចនាសម្ព័ន្ធរបស់ប្រទេសថៃមានន័យថាមិនមានការវិនិយោគលើបច្ចេកវិទ្យាថ្មីនោះទេ។ អ្នករៀបចំគោលនយោបាយសារពើពន្ធនិងរូបិយវត្ថុ ត្រូវតែធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា» ដោយបន្ថែមថា ទំហំសារពើពន្ធមានទំហំតូចដោយសារបំណុលសាធារណៈកើនឡើង។
សមាមាត្របំណុលទៅ GDPមានចំនួន ៦៣,២៨ ភាគរយគិតត្រឹមខែកញ្ញា ហើយរាជរដ្ឋាភិបាលធានាថាវាមិនលើសពី ៧០ភាគរយឡើយ។ បន្ទាប់ពីការទប់ទល់នឹងសម្ពាធរបស់រាជរដ្ឋាភិបាលអស់រយៈពេលជាយូរក្នុងការបន្ធូរបន្ថយគោលនយោបាយដើម្បីជំរុញកំណើន ធនាគារកណ្តាលបានកាត់បន្ថយអត្រាការប្រាក់សំខាន់ៗ មកត្រឹម ២,២៥ ភាគរយ កាលពីខែមុន ដែលជាការកាត់បន្ថយលើកដំបូងចាប់តាំងពីឆ្នាំ២០២០។
ការត្រួតពិនិត្យគោលនយោបាយបន្ទាប់គឺនៅថ្ងៃទី ១៨ ខែធ្នូ។រាជរដ្ឋាភិបាលបានយល់ព្រមជាមួយធនាគារកណ្តាលដើម្បីរក្សាគោលដៅអតិផរណាបច្ចុប្បន្នពី ១ ភាគរយទៅ ៣ ភាគរយសម្រាប់ឆ្នាំ២០២៥ ជាថ្នូរនឹងការធានានៃការគាំទ្រសម្រាប់គោលនយោបាយសារពើពន្ធរបស់ខ្លួន។ លោក ភីឆៃ បានប្រាប់អ្នកយកព័ត៌មានថា រាជរដ្ឋាភិបាលនឹងជំរុញអតិផរណាឱ្យលើសពី ២ ភាគរយនៅឆ្នាំ២០២៥ ដើម្បីជួយសេដ្ឋកិច្ច និងបង្កើតប្រាក់ចំណូលរដ្ឋបន្ថែមទៀត៕