អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើអចលនទ្រព្យ គឺជាប្រភេទពន្ធប្រចាំឆ្នាំ ដែលប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី ១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលរាជធានី និងរដ្ឋបាលក្រុងនៃខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា។ ការប្រមូលពន្ធលើអចលនទ្រព្យនេះគឺសម្រាប់ជាផលប្រយោជន៍ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករឬអ្នកកាន់កាប់ ឬអ្នកទទួលផលប្រយោជន៍ចុងក្រោយត្រូវមកចុះបញ្ជីអចលនទ្រព្យ ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងដាក់លិខិតប្រកាសបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App ដែលមានក្នុង App Store និង Play Store។ ដើម្បីចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ អ្នកជាប់ពន្ធត្រូវភ្ជាប់ឯកសារដូចខាងក្រោម៖
◇ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ចម្លង)
◇អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅរបស់អ្នកជាប់ពន្ធ (ច្បាប់ថតចម្លង)
◇រូបថតរបស់អចលនទ្រព្យ
◇និយាមកាអចលនទ្រព្យ (រយៈទទឹង និងរយៈបណ្ដោយ)
◇ពាក្យស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យទម្រង់ FORM PT-01
◇បន្ទាប់ពីចុះបញ្ជីអចលនទ្រព្យរួចរាល់ អ្នកជាប់ពន្ធត្រូវមានកាតព្វកិច្ចធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យនៅ រដ្ឋបាល-សារពើពន្ធក្នុងករណីដូចខាងក្រោម៖
◇ដីត្រូវបានយកទៅសាងសង់ផ្ទះ អគារ ឬសំណង់ផ្សេងៗ
◇ផ្ទះ អគារ ឬសំណង់ផ្សេងៗ ត្រូវបានសាងសង់បន្ថែម ឬបន្ថយ ឬរំលាយចោល
◇អចលនទ្រព្យត្រូវបានផ្លាស់ប្តូរកម្មសិទ្ធិករ អ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ
◇អចលនទ្រព្យត្រូវបំបែក ឬបង្រួមក្បាលដី ឬឱ្យជាអំណោយ។