អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺជាប្រភេទពន្ធប្រចាំឆ្នាំ ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់។ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ មានគោលបំណងដើម្បី៖
◇ទប់ស្កាត់រាល់រូបភាពទិញដីទុកមិនប្រើប្រាស់ រង់ចាំពេលឡើងថ្លៃលក់យកកម្រៃលើស
◇ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ
◇បង្កើនសកម្មភាពសេដ្ឋកិច្ចនិងកម្លាំងការងារ
រួមចំណែកដល់ប្រយោជន៍ដល់ថវិការដ្ឋបាលថ្នាក់ក្រោមជាតិ។
ពន្ធនេះជាប្រភេទពន្ធស្វ័យប្រកាស ដែលតម្រូវឱ្យកម្មសិទ្ធិករ នៃដីជាប់ពន្ធនិង អ្នកជួលដីពីរដ្ឋ ត្រូវមកចុះបញ្ជី និងដាក់លិខិតប្រកាសបង់ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ នៅអគ្គនាយកដ្ឋានពន្ធដារ ចំពោះដីដែលស្ថិតនៅរាជធានីភ្នំពេញនិង នៅខេត្ត ឬនៅសាខាពន្ធដារខេត្តដែលដីនោះស្ថិតនៅ។ អ្នកជាប់ពន្ធត្រូវបង់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ និងត្រូវបង់ប្រាក់ពន្ធនៅសាខាពន្ធដារខេត្ត ឬនៅធនាគារជាដៃគូជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។