អគ្គនាយកដ្ឋានពន្ធដារ៖ ពន្ធឈ្នួលផ្ទះ និងដី ត្រូវបានកំណត់យកលើប្រាក់ឈ្នួលដែលបានមកពីការជួល៖
◇អាគារដែលសង់លើដីដូចជាផ្ទះ រោងចក្រ សណ្ឋាគារ ការិយាល័យ…
◇យន្តូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហ៍កម្ម
◇ឋាបនភ័ណ្ឌពាណិជ្ជកម្ម ឧស្សាហ៍កម្ម ដែលនៅនឹងមួយកន្លែង អាគារធំៗដែលដាក់ធាតុរាវឬផលិតផលផ្សេងៗ ដូចជាប្រេងឥន្ទនៈ កៅស៊ូចាក់ថ្នល់ គ្រាប់ធញ្ញជាតិ
◇ផ្ទះបណ្ដែតទឹក កប៉ាល់សំរាប់ធ្វើលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗ
◇ដីធ្លីដែលគ្មានសំណង់ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរឬស្រែអំបិល។
ពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬសិទ្ធិវន្តរបស់កម្មសិទ្ធិករ។ បើករណីអ្នកជួលជាសហគ្រាសបានចុះបញ្ជីពន្ធដារក្នុងរបបស្វ័យប្រកាស ប្រាក់ឈ្នូលនេះត្រូវបានបង្វែរមកគិតពន្ធនឹងបង់តាមវិធានពន្ធកាត់ទុកទូទៅវិញក្នុងអត្រា ១០%។
ពន្ធនេះមិនត្រូវអនុវត្តទេ ចំពោះកម្មសិទ្ធករ ឬសិទ្ធវន្តរបស់កម្មសិទ្ធករ ដែលបានប្រកាសចំណូលប្រាក់ឈ្នួលគិតបញ្ជូលជាប់ពន្ធលើប្រាក់ចំណូលតាមរបបស្វ័យប្រកាស។
កាតព្វកិច្ច និងបែបបទនៃការប្រកាសបង់ពន្ធ
ប្រាក់ពន្ធនេះត្រូវបង់ប្រចាំខែជារៀងរាល់ខែ ដោយគិតចាប់ពីថ្ងៃដែលបានចុះកិច្ចសន្យា ឬបានព្រមព្រៀងគ្នា។ ម្ចាស់កម្មសិទ្ធិត្រូវប្រកាសក្នុងរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃចុះកិច្ចសន្យាជួល ឬចាប់ពីថ្ងៃមានការប្រែប្រួលអំពីកិច្ចសន្យាជូនទៅអង្គភាពពន្ធដារនៅក្នុងមូលដ្ឋានដែលទ្រព្យសម្បត្តិជួលនោះស្ថិតនៅ និងត្រូវភ្ជាប់ច្បាប់ថតចម្លងនៃកិច្ចសន្យាជួលចំនួន១ច្បាប់ផង។ ពេលឈប់ជួលក្នុងរវាង ១៥ថ្ងៃ ម្ចាស់កម្មសិទ្ធិត្រូវប្រកាសជាលាយលក្ខណ៍អក្សរ ជូនទៅអង្គភាពពន្ធដារជាមុន។